មានសេចក្ដីរាយការណ៍ថ្មីមួយទៀតហើយ បុរសម្នាក់ឈ្មោះ នួន សំរេច កើតនៅឆ្នាំ១៩៨៥ មានទីលំនៅភូមិតាងួន២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវតុលាការក្រុងភ្នំពេញ ចេញដីកាបញ្ជាឱ្យចូលខ្លួន តបតាមពាក្យបណ្ដឹង ឈ្មោះ សួន ផាន់ណារ៉ា បណ្ដឹងព្រហ្មទណ្ឌពីបទ «រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ។ នេះបើយោងទៅតាមដីការបស់តុលាការដែលអង្គភាពសារព័ត៌មាន Cam Post ទើបទទួលបាននៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ។
បើតាមសេចក្ដីរាយការណ៍ដដែល តុលាការត្រៀមនឹងចេញដីកាម្ដងទៀតដើម្បីបញ្ជាឱ្យចូលខ្លួន បន្ទាប់ពីដីកានេះបានចេញម្ដងរួចទៅហើយ កាលពីចុងខែធ្នូ ឆ្នាំ២០២២ ដោយកាលណោះតុលាការបានចេញដីកាបញ្ជាឱ្យឈ្មោះ នួន សំរេច ចូលបង្ហាញខ្លួន នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕