ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ឆ្នាំ២០២៤ខាងមុខនេះ ពន្ធលើផលិតផលបារីអាចកើនឡើង ខណៈពលរដ្ឋកម្ពុជាប្រមាណ១៥ ០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំ បណ្តាលមកពីការប្រើប្រាស់ថ្នាំជក់
ថ្ងៃទី ៖ 02-06-2023, ដោយ​​ admin , 142 Views
                     
ភ្នំពេញ : មន្រ្ដីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា នៅឆ្នាំ២០២៤ខាងមុខនេះ ពន្ធលើផលិតផលបារីអាចកើនឡើងលើសពេលបច្ចុប្បន្ន នៅពេលដែលរាជរដ្ឋាភិបាលរៀបចំអនុក្រឹត្យពាក់ព័ន្ធពន្ធបារីនេះរួចរាល់ ។

ក្នុងវេទិកាស្តីពីវិធានការពន្ធលើផលិតផលថ្នាំជក់ កាលពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នាសណ្ឋាគារសាន់វេ រាជធានីភ្នំពេញលោក វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមាន ប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ចកំពុងធ្វើដំណើរការកំណែទម្រង់ពន្ធថ្នាំជក់នេះហើយ គ្រាន់តែធ្វើជាជំហានៗ និងប្រុងប្រយ័ត្នបំផុត ព្រោះថា បើតម្លើងពន្ធខ្ពស់អាចនាំឱ្យមានការរត់ពន្ធបារីខុសច្បាប់ ធ្វើឱ្យខាតបង់ ចំណូលរដ្ឋវិញ។

លោក បន្តថា បើយោងតាមច្បាប់ស្តីពីសារពើពន្ធដែលព្រះមហាក្សត្រទើបឡាយព្រះហស្ថលេខា ដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីនេះ បានកំណត់ថា រាជរដ្ឋាភិបាលមានភារកិច្ចរៀបចំអនុក្រឹត្យមួយចំនួន ដែលពាក់ព័ន្ធ ក្នុងនោះមានអនុក្រឹត្យស្តីពីពន្ធអាករពិសេសមូលដ្ឋានលើផលិតផលបារីនេះ ឱ្យមានការកើន ឡើងជាងបច្ចុប្បន្ននេះ។

លោក បញ្ជាក់ថា ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានឯកភាពលើលិខិតស្នើសុំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការយកពន្ធលើផលិតផលបារីនៅគ្រប់ដំណាក់កាលសម្រាប់បារីនាំចូល ខណៈពីមុននេះ កម្ពុជាយកពន្ធតែពេលនាំចូលម្តងប៉ុណ្ណោះ។ ជាមួយគ្នានេះដែរមន្ត្រី នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ និង អគ្គនាយដ្ឋានពន្ធដារ ក៏បានខិតខំធ្វើការចុះត្រួតពិនិត្យផលិតផលថ្នាំជក់នៅតាមបណ្តាខេត្តគោលដៅ យ៉ាង មាន ប្រសិទ្ធភាពផងដែរ។ ដូច្នេះ ពន្ធបារីនឹងមានការកើនឡើង។

លោក បញ្ជាក់ទៀតថា នៅឆ្នាំ២០២៤ខាងមុខនេះ ពន្ធលើផលិតផលបារីអាចកើនឡើង លើសបច្ចុប្បន្ន នៅពេលដែលរាជរដ្ឋាភិបាលរៀបចំអនុក្រឹត្យពាក់ព័ន្ធពន្ធបារីនេះរួចរាល់ ។ អង្គការមិនមែនរដ្ឋាភិបាល បានគាំទ្រចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងដំណើរការ កំណែទម្រង់ពន្ធថ្នាំជក់ និងយល់ឃើញថា ការយកពន្ធបន្ថែម ចាប់ផ្តើមពី៥០០រៀលក្នុងបារីមួយកញ្ចប់ ឬច្រើនជាងនេះ ស័ក្តិសមបំផុត សម្រាប់បច្ចុប្បន្ន។

បើតាមការវិភាគស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក ការយកពន្ធបន្ថែម៥០០រៀល ក្នុងបារី មួយកញ្ចប់ នឹងធ្វើឲ្យតម្លៃបារីកើនឡើង១៥% កាត់បន្ថយអ្នកជក់បារីបាន៣០ ០០០នាក់ នៅឆ្នាំបន្ទាប់ និងបង្ការប្រជាពលរដ្ឋ ១០ ០០០នាក់ពីការស្លាប់មុនអាយុកំណត់បណ្តាលមកពីការជក់បារី ក្នុងរយៈពេល ១០ទៅ១៥ឆ្នាំបន្ទាប់។ មិនតែប៉ុណ្ណោះ ការដំឡើងពន្ធបារី៥០០រៀលក្នុង១កញ្ចប់នេះ នឹងធ្វើឲ្យប្រាក់ ចំណូលពន្ធរដ្ឋកើនឡើង ២១៣ 000 000 000រៀល (ជាង៥៣លានដុល្លារសហរដ្ឋ)ក្នុង១ឆ្នាំ។

អង្គការសុខភាពពិភពលោក បានកំណត់ច្បាស់ថា ការដំឡើងពន្ធថ្នាំជក់គឺជាវិធានការទោល ដែលមាន ប្រសិទ្ធភាពជាងគេ ក្នុងការកាត់បន្ថយហានិភ័យដែលបណ្តាលមកពីថ្នាំជក់។

ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥ ០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំ បណ្តាលមកពីជំងឺដែលបង្កដោយការ ប្រើប្រាស់ថ្នាំជក់ ដែលក្នុង១ថ្ងៃៗ មានអ្នកស្លាប់ប្រមាណជាង៤០នាក់។ ជំងឺទាំងនោះរួមមាន ជំងឺដាច់ សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀត ទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។ល។ ៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើង ចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ លើសពីនេះទៀត ការប្រើប្រាស់ថ្នាំជក់បណ្តាល ឲ្យខាតបង់ថវិកា៦៤៩លានដុល្លារសហរដ្ឋ ដែលស្មើនឹង៣%នៃGDPរបស់កម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com