សារព័ត៌មានដដែលបានផ្សាយទៀតថា លោក ភួង សោភា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបន្ទុកជាអ្នកសម្របសម្រួលគម្រោង ត្រូវជាប្អូនថ្លៃរបស់លោក អ៊ុក រ៉ាប៊ុន ដែលជារដ្ឋមន្ដ្រី ។
មុនពេលទទួលបានការតែងតាំងមុខតំណែងជា អនុរដ្ឋលេខាធិការ (ខែមករា ឆ្នាំ២០១៩) និងជារដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ (ខែវិច្ឆិកា ឆ្នាំ២០១៩)លោក ភួង សោភា ជាមន្ដ្រីរាជការក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានឋានន្តរស័ក្ដិ ឧត្តមមន្ដ្រី ថ្នាក់លេខ៦ ។ លុះក្រោយពេលបានមកកាន់មុខតំណែងជា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួចមក លោកក៏ទទួលបានការដំឡើងឋានន្តរស័ក្ដិជាបន្តបន្ទាប់ រហូតដល់ឧត្តមមន្ដ្រី ថ្នាក់លេខ២ ក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាលនៅក្រសួងអភិវឌ្ឍន៍ជនបទ (គិតត្រឹមឆ្នាំ២០២២កន្លងទៅ) ។
លោក អ៊ុក ពញ្ញា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកខុទ្ទកាល័យលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវជាកូនប្រុសរបស់លោក អ៊ុក រ៉ាប៊ុន ។
មុនពេលទទួលបានការតែងតាំងមុខតំណែងជា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ (ខែកក្កដា ឆ្នាំ២០២០)លោក អ៊ុក ពញ្ញា ជាមន្ដ្រីរាជការក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឪពុក ដែលជាអតីតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ លុះក្រោយពេលបានមកកាន់មុខតំណែងជា រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួចមក លោកក៏ទទួលបានការធ្វើនិយ័តកម្មក្នុងក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងអភិវឌ្ឍន៍ជនបទ វិញ ដោយមានឋានន្តរស៏ក្ដិ និងថ្នាក់មិនទាន់ច្បាស់លាស់ គិតត្រឹមដើមឆ្នាំ២០២២កន្លងទៅ (វរមន្ដ្រី ថ្នាក់លេខ១ នៅខែតុលា ឆ្នាំ២០១៩ និងវរមន្ដ្រី ថ្នាក់លេខ២ នៅខែមីនា ឆ្នាំ២០២២) ។
កាលពីដើមឆ្នាំ២០២៣កន្លងទៅ លោកស្រី គង់ សុធីរី អតីតប្រធាននាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានឋានន្តរស័ក្ដិ ឧត្តមមន្ដ្រី ថ្នាក់លេខ៥ (គិតត្រឹមដើមឆ្នាំ២០២២) ត្រូវជាភរិយារបស់លោក ភួង សោភា ក៏ទទួលបានការតែងតាំងមុខតំណែងជា អនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ផងដែរ ប៉ុន្តែមិនទាន់បានដឹងថា លោកស្រី នឹងទទួលបានការធ្វើនិយ័តកម្មមកស្ថិតក្នុងក្របខ័ណ្ឌមន្ដ្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងអភិវឌ្ឍន៍ជនបទ «មូលជុំគ្នា» ជាមួយស្វាមី និងក្មួយ ឬយ៉ាងណានៅឡើយទេ ។
យ៉ាងណាក៍ដោយជុំវិញរឿងនេះ គ្រាន់តែជាការផ្សាយពីសារព័ត៌មាន ដើមត្នោត ប៉ុណ្ណោះ ក៍ប៉ុន្តែសារព័ត៌មាន Cam Post មិនទាន់អាចសុំការពន្យល់ពីក្រុមគ្រួសារ លោក អ៊ុក រ៉ាប៊ុន បាននៅឡើយទេជុំវិញរឿងនេះ ៕