សប្ដាហ៍ក្រោយ កម្ពុជាត្រៀមស្វាគមន៍ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣!
ថ្ងៃទី ៖ 27-05-2023, ដោយ admin , 149 Views
ភ្នំពេញ : នៅបាំង៧ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី២៧ ឧសភានេះ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងឈានចូលមកដល់ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្គេមលើកទី៣២ ទើបតែបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១៧ ឧសភាកន្លងទៅ ។
តោះ! មកដឹងខ្លះៗពីកីឡាប៉ារ៉ាយូដូ! កីឡាប៉ារ៉ាយូដូ ជាកីឡាដែលលេងដោយអត្តពលិកដែលមានពិការភ្នែកតែប៉ុណ្ណោះ។ អត្តពលិកត្រូវបានបែងចែកជា ៣ចំណាត់ថ្នាក់ ទៅតាមកម្រិតពិការភាពភ្នែករបស់ពួកគេ ដូចជា B1(ពិការភ្នែកទាំងស្រុង) B2 និង B3 (បញ្ហាចុះខ្សោយគំហើញ)។ យ៉ាងណាមិញ អត្តពលិកក្នុងចំណាត់ថ្នាក់ទាំង ៣ នឹងប្រកួតជាមួយគ្នា ហើយការប្រកួតនឹងត្រូវបានបែងចែកតាមទម្ងន់របស់អត្តពលិកវិញ។ គូប្រកួតត្រូវចាប់ឈុតយូដូរបស់គ្នាទៅវិញទៅមកឱ្យជាប់ក្នុងអំឡុងពេលការប្រកួតទាំងមូល។ ប្រសិនបើពួកគេរបូតដៃ អាជ្ញាកណ្តាលនឹងបញ្ឈប់ការប្រកួត។ ហេតុនេះហើយ ទើបសូម្បីតែមុនពេលការប្រកួតចាប់ផ្តើម អត្តពលិកត្រូវចាប់ឈុតយូដូរបស់ដៃគូប្រកួត។ ដើម្បីទទួលបានពិន្ទុ អត្តពលិកត្រូវបោះគូប្រកួតឱ្យខ្នងរបស់ពួកគេនៅលើដី រួចធ្វើឱ្យពួកគេជាប់គាំង ឬបង្ខំឱ្យចុះចាញ់ ៕
|