ស្រួង ភាវី គឺជាកីឡាការិនីប្រភេទកីឡាស្តូកឃ័រមួយរូប ដែលកំពុងមានឈ្មោះបោះសំឡេងជាខ្លាំង នៅឯប្រទេសកូរ៉េខាងត្បូង ហើយបច្ចុប្បន្នអ្នកនាងកំពុងឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសកូរ៉េខាងត្បូង និងលេខ ៣ នៅលើពិភពលោក។ អ្នកនាង ស្រួង ភាវី កើតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៩០។ នាងបានចាកចេញពីប្រទេសកម្ពុជា មករស់នៅប្រទេសកូរ៉េខាងត្បូង តាំងពីអាយុ ២០ឆ្នាំ មកម្លេះ ដើម្បីរៀបការជាមួយស្វាមីដែលជាជនជាតិកូរ៉េ។ ភាវី នាងបានចំណាយរយៈពេល ៧ឆ្នាំ ដើម្បីវិវឌ្ឍខ្លួនឲ្យក្លាយជាកំពូលកីឡាការិនី។ ការចាប់ផ្តើមដំបូងរបស់នាងគ្រាន់តែទៅមើលស្វាមីលេងប៉ុណ្ណោះ ប៉ុន្ដែយូរៗទៅស្វាមីក៏បានបង្រៀនអំពីរបៀបលេង និងនាំយកកីឡាករល្អៗមកបង្ហាត់បន្ថែមទៀតផង។
អ្នកនាង ស្រួង ភាវី បានចូលរួមប្រជែងកីឡាស្នូកយ័រដំបូង បំផុតក្នុងប្រទេសកូរ៉េខាងត្បូង កាលពីខែមករា ឆ្នាំ ២០១៧ ដោយបានជាប់ចំណាត់ថ្នាក់លេខ ១ និងបានក្លាយខ្លួនជា កីឡាការិនីលេខ ១ ប្រចាំប្រភេទកីឡាស្នូកយ័រក្នុងឆ្នាំដដែល នោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កីឡាការិនីដែលមាន ស្រុកកំណើតនៅខេត្តត្បូងឃ្មុំរូបនេះ ក៏បានជាប់ចំណាត់ថ្នាក់ លេខ៣ ក្នុងការប្រកួតលំដាប់ថ្នាក់ពិភពលោកកាលពីឆ្នាំ ២០១៨ ទៀតផង។
តាមពិតទៅកាលពីនៅក្មេង ភាវី ចង់ក្លាយខ្លួន ជាវេជ្ជបណ្ឌិតទៅវិញទេ ប៉ុន្តែដោយសារជីវភាពគ្រួសារ ទើបត្រូវបង្ខំចិត្តឲ្យនាងឈប់រៀន និងជួយធ្វើការងារស្រែចម្ការ ជាមួយឪពុកម្តាយ មុនពេលចាកចេញមករស់នៅប្រទេសកូរ៉េ ខាងត្បូង។
លើសពីនេះទៅទៀត អ្នកនាង ស្រួង ភាវី ក៏បានចូលរួម ការងារមនុស្សធម៌ ដែលបានជួយដល់កុមារកម្ពុជាជាច្រើន តាមរយៈការចែកអំណោយសម្ភារៈសិក្សា និងជួយដល់ សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកយ័រកម្ពុជាផងដែរ ។
បង្ហោះសារនៅលើបណ្ដាញសង្គមព្រឹកថ្ងៃទី១៤ ឧសភានេះ ស្រួង ភាវី បានសរសេរថា «តាមពិតទៅ ខ្ញុំមិនមែនជាមានទ្រព្យធនច្រើនអីទេ តែខ្ញុំធ្វើនេះគឺព្រោះចង់បង្ហាញឱ្យឃើញថា រាល់សកម្មភាពពីមុន និងឥឡូវ ហើយទៅអនាគតគឺនៅដដែល ក្នុងការជួយដល់ប្អូនៗនៅក្នុងប្រទេសខ្មែរដែលត្រូវការជំនួយជាចាំបាច់ក្នុងការស្វែងរកការរៀនសូត្រក្រេបយកចំណេះដឹងទៅអនាគត ។ ខ្ញុំផ្ទាល់ទាំងបេះដូងនិងអាយុជីវិតគឺខ្ញុំលះបង់ដេីម្បីកម្ពុជា ។ អរគុណពុកម៉ែបងប្អូនណាស់»៕