ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេច ស ខេង ណែនាំអាជា្ញធរខេត្តព្រះសីហនុ ឱ្យបង្កើនការថែរក្សាពង្រឹងសន្តិសុខជាតិ ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា
ថ្ងៃទី ៖ 31-03-2023, ដោយ​​ admin , 107 Views
                     
ព្រះសីហនុ : ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានណែនាំអាជា្ញធរខេត្តព្រះសីហនុ ឱ្យបង្កើនការថែរក្សាពង្រឹងសន្តិសុខជាតិ ដោយត្រូវសហការទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវអំពើភេរវកម្ម ឧក្រិដ្ឋកម្ម ឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា និងបទល្មើសមិនប្រពៃណីនានា (Non- Traditional Crime) ដែលកំពុងមានការវិវត្តប្រែប្រួលកាន់តែស្មុគស្មាញ។ អំពីករណីលាងសម្អាតប្រាក់ ថ្មីៗនេះ អង្គការ FATF បានសម្រេចដក ប្រទេសកម្ពុជាយើងចេញពីបញ្ជីប្រផេះនៃការលាងសម្អាតប្រាក់។ ហេតុនេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តអនុវត្តជាប្រព័ន្ធក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះការលាងសម្អាតប្រាក់ដើម្បី ជំរុញការអភិវឌ្ឍប្រទេសជាតិយើង ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តថា សម្ដេចសម្ដេចបន្តថា ចំពោះអំពើជួញដូរមនុស្ស យើងបានដាក់ចេញនិងអនុវត្តយ៉ាងសកម្មនូវផែនការបង្កើនការប្រយុទ្ធប្រឆាំងបទល្មើសនេះ ដោយកំណត់យកខេត្តព្រះសីហនុជា គោលដៅនៃការស្រាវជ្រាវ លើពាក្យបណ្តឹងនានាដែលអះអាងថា មានការជួញដូរ មនុស្ស ឬការកេងប្រវ័ញ្ចកម្លាំងពលកម្ម ដែលអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច បានរកឃើញ មុខសញ្ញាពាក់ព័ន្ធពាក្យបណ្តឹងទាំងនោះ ភាគច្រើននៅតាមទីតាំង ល្បែងភ្នាល់អនឡាញខុសច្បាប់នានា។ ឆ្លងតាមកិច្ចប្រតិបត្តិការ មកទល់ពេលនេះ ពាក្យបណ្តឹងដែលអះអាងថា មានការជួញដូរមនុស្ស គ្រាន់តែមានការថយចុះ ជាងមុនតែប៉ុណ្ណោះ។

សម្ដេចក្រឡាហោម បានបន្តទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការគ្រប់គ្រងឆ្លើយតបនឹងវិបត្តិនិងបញ្ហា ប្រឈមនានា ប្រកបដោយប្រសិទ្ធភាព ដើម្បីស្តារផលប៉ះពាល់នានាមកលើ សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បណ្តាលមកពីជំងឺកូវីដ-១៩, គ្រោះទឹកជំនន់ទឹកភ្លៀង និងវិបត្តិនានាជាសកល ធ្វើឲ្យសេដ្ឋកិច្ចជាតិយើងស្ទុះ ងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងអត្រាកំណើនប្រមាណ ៥,២% ក្នុងឆ្នាំ២០២២ និងរំពឹងទុកថា នឹងមានកំណើនក្នុងរង្វង់ប្រមាណ ៥,៦% ក្នុងឆ្នាំ២០២៣ នេះ។

បើតាមសម្ដេច ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ សម្ដេចបានផ្ដល់ការណែនាំនូវកិច្ចការសំខាន់ៗដែលរដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ត្រូវខិតខំ រួមគ្នាសម្រេចឲ្យបានក្នុងឆ្នាំ២០២៣ ពិសេស ត្រូវបន្តខិតខំរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារព្រះមហាក្សត្រ ការពារ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើត ចេញពីការបោះឆ្នោត និងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ការពារនិងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើរទន្ទឹមនឹងការពង្រឹង នីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេស ជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។

សម្ដេច ស ខេង បានរម្លឹកអាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តព្រះសីហនុ ត្រូវបន្តអនុវត្តឲ្យ កាន់តែសកម្មថែមទៀតនូវយុទ្ធនាការបង្កើនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ទម្រង់, ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងល្បែង ភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ និងល្បែងស៊ីសងនៅតាមមូលដ្ឋានកុំឲ្យ កំរើកឡើងវិញ ព្រមទាំងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ដោយត្រូវ សហការអនុវត្តការងារទាំងនេះប្រកបដោយតម្លាភាព គណនេយ្យភាព និងមាន ការទទួលខុសត្រូវខ្ពស់ សំដៅរក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពក្នុងសង្គមឲ្យបានល្អប្រសើរ ពង្រឹងកិច្ចសហការគ្រប់គ្រងការចេញចូល និងសន្តិសុខតាមលំហសមុទ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និហខិតខំជំរុញការអនុវតគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានថ្លែងថា ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវស្វែងរកជនបរទេស ដែល បានប្ដឹងចូលប្រព័ន្ធមជ្ឈមណ្ឌលប្រចាំបញ្ជាអគ្គស្នងការដ្ឋាននគរបាល ជាតិ (Hotline១១៧), ផេកហ្វេសប៊ុកផ្លូវការរបស់ខ្ញុំបាទ, Hotline របស់ស្នងការដ្ឋាននគរបាលខេត្ត, សំណើរបស់ស្ថានទូត ឬស្ថានកុងស៊ុល ស្នើ សុំឱ្យជួយសង្គ្រោះបានសរុបចំនួន ១៣៥ករណី, ស្វែងរកឃើញតាម បណ្តឹងសរុបចំនួន ៦០៦នាក់ ស្រី ១០០នាក់ ស្មើ ១២សញ្ជាតិ។

លោកអភិបាលខេត្ត បន្តថា ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដោយទទួលបណ្ដឹងតាមហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេចក្រឡាហោមសរុប ចំនួន ២៩៣បណ្តឹង ក្រុមការងារបានចុះប្រតិបត្តិការ ចំនួន ២៨៦បណ្តឹង រកឃើញមាននៅក្នុង ៧៩ទីតាំង សរុបជនបរទេសចំនួន ២.៩៧០នាក់ ស្មើនឹង ២០សញ្ជាតិ ក្នុងនោះ បានរកឃើញ ១៤៥បណ្តឹង មានជនរងគ្រោះចំនួន ២៨៦នាក់ ស្មើ១៤សញ្ជាតិ រកមិនឃើញ១៤១បណ្ដឹងដោយជនរងគ្រោះបានចាកចេញពីទីតាំង។

លោកបញ្ជាក់ថា ជាវិធានការចំពោះជនបរទេសដែលគ្មានឯកសារត្រឹមត្រូវ ត្រូវអនុវត្ត នីតិវិធីបណ្តេញចេញ ចំពោះជនបរទេសមានប័ណ្ណការងារហួសសុពលភាព ឬគ្មានប័ណ្ណការងារ និងម្ចាស់ទីតាំងដែលអនុញ្ញាតឱ្យជនបរទេសមិនគ្រប់ លក្ខខណ្ឌធ្វើការងារនៅក្នុងទីតាំងរបស់ខ្លួន បានធ្វើការផាកពិន័យ និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅ សាលាដំបូងខេត្តព្រះសីហនុ។

លោកអភិបាលខេត្តបន្តថា រដ្ឋបាលខេត្តបានសហការជាមួយក្រុមអធិការកិច្ចហត្ថពលកម្មបរទេស នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស តាមបណ្តារោងចក្រ ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថាននានា សរុប ចំនួន ៤៣២គោលដៅ រកឃើញពលករបរទេសសរុប ចំនួន ៧.០៣៣ នាក់ មានចំនួន ៣២សញ្ជាតិ។ ពាក់ព័ន្ធនឹងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ រដ្ឋបាលខេត្តបង្ក្រាបបានល្បែងស៊ីសងខុសច្បាប់ចំនួន២៩ករណី ឃាត់ខ្លួន ១៣៧នាក់ និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ១៥នាក់ ទៅសាលាដំបូងខេត្ត ចុះបិទទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាម ក្រុង-ស្រុកទាំង៥ សរុប១.០៣៦ទីតាំង ដោយបានអប់រំធ្វើកិច្ចសន្យា ចំនួន ១.១២៣នាក់ ស្រី ៥១៥នាក់ ដកហូតវត្ថុតាងបានរថយន្តចំនួន ៤គ្រឿង ម៉ូតូ៣០គ្រឿង និងវត្ថុតាងមួយចំនួនទៀត ។

ចំណែកបញ្ហាគ្រឿងញៀន ខុសច្បាប់លោក គួច ចំរើន បញ្ជាក់ថា សមត្ថកិច្ចបានចុះបង្ក្រាបករណី រក្សាទុកសារធាតុញៀនខុសច្បាប់ចំនួន ៥ទីតាំង ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១១នាក់ ព្រមទាំងដកហូតវត្ថុតាងបានរួមមាន៖ សារធាតុញៀន (កេតាមីន) ទម្ងន់សរុប ១.១៣៣គីឡូ ៧៨៩,១១ក្រាម សារធាតុគីមីប្រភេទផ្សេងៗ ទម្ងន់សរុប ១២គីឡូ ១១៨ក្រាម តម្រុយសារធាតុញៀន (MDMA) ទម្ងន់សរុប ២គីឡូ ៥៩៧,៨ក្រាម ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com