ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ហ៊ុន ម៉ាណែត ៖ ស្របពេលដែលសកម្មភាពសង្គម-សេដ្ឋកិច្ច បានវិលត្រឡប់មកជាធម្មតាឡើងវិញ, វិស័យទេសចរណ៍កម្ពុជាបានងើបឡើងជាបណ្តើរៗ
ថ្ងៃទី ៖ 31-03-2023, ដោយ​​ admin , 115 Views
                     
ភ្នំពេញ : បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត ស្របពេលដែលសកម្មភាពសង្គម-សេដ្ឋកិច្ច បានវិលត្រឡប់មកជាធម្មតាឡើងវិញ, វិស័យទេសចរណ៍កម្ពុជាបានងើបឡើងជាបណ្តើរៗប្រកបដោយទំនុកចិត្តខ្ពស់ ដោយនៅឆ្នាំ២០២២ កម្ពុជាបានទទួលភ្ញៀវទេសចរណ៍អន្តរជាតិ រហូតប្រមាណ ២,២៨ លាននាក់ ដែលជាកំណើនដល់ជាង ១០ ដង បើធៀបទៅនឹងឆ្នាំ២០២១។ ប្រភពចំណូលពីវិស័យទេសចរណ៍របស់កម្ពុជា ក៏បានកើនដល់ទៅជាង ៦ ដង ក្នុងអំឡុងពេលដូចគ្នា ហើយកំណើននេះក៏បានបង្កើតនូវមុខរបរ និងការងារទេសចរណ៍ជូនដល់ប្រជាជនប្រមាណ ៣២ ម៉ឺននាក់ផងដែរ។ ឈរលើមូលដ្ឋាននេះ ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល នឹងកាន់តែមានភាពវិជ្ជមានល្អសម្រាប់ពេលខាងមុខ។ និន្នាការនេះ ក៏ជាសញ្ញាវិជ្ជមានដ៏ប្រសើរនៃប្រតិបត្តិការក្នុងអនុវិស័យសណ្ឋាគារក្នុងរយៈពេលវែង និងមធ្យម ជាពិសេសខណៈដែលឆ្នាំ២០២៣ នេះ កម្ពុជាក៏កំពុងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ដូចជា៖ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ក្នុងពិធីសម្ពោធសណ្ឋាគារ Fairfield by Marriott Phnom Penh នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកំពុងចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពចម្បង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងពេលបច្ចុប្បន្ន និងអនាគត, វត្តមានរបស់សណ្ឋាគារ Fairfield by Marriott Phnom Penh លំដាប់អន្តរជាតិមួយនេះ គឺអាចនឹងចូលរួមពង្រឹងធនធានមនុស្សកម្ពុជា តាមរយៈការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, ការបណ្តុះបណ្តាលជំនាញថ្មី (Re-skilling) និងការបង្កើនចំណេះដឹងបន្ថែម (Upskilling) ដល់បុគ្គលិក-និយោជិតរបស់ខ្លួន តាមរយៈការផ្តល់ការគាំទ្រដល់សិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ឬវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនានានៅកម្ពុជា ឱ្យទទួលបាននូវឱកាសការងារ ឬឱកាសចុះកម្មសិក្សា ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ជាលក្ខណៈស្តង់ដារអន្តរជាតិ។

ក្រៅពីនោះ លោកបណ្ឌិត សូមចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក-និយោជិតទាំងអស់នៃក្រុមហ៊ុន ជីប ម៉ុង ចំពោះការសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ Fairfield by Marriott Phnom Penh ដែលជាសណ្ឋាគារលំដាប់អន្តរជាតិដ៏ទំនើបប្រកបដោយសេវាកម្មសម្បូណ៌បែប ហើយអគារ Chip Mong Tower ក៏បានក្លាយទៅជានិមិត្តរូបដ៏លេចធ្លោ និងជាអត្តសញ្ញាណមួយថ្មីរបស់រាជធានីភ្នំពេញ។

លើសពីនេះ លោក សូមវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន Marriott ដែលបន្តមានជំនឿទុកចិត្តលើការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា តាមរយៈការពង្រីកបង្កើតសណ្ឋាគារទី២ របស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ដែលជាចំណុចស្នូលប្រកបដោយសក្តានុពលមួយក្នុងចំណោមបណ្តាញទីក្រុងសំខាន់ៗដទៃទៀត ក្នុងការផ្សារភ្ជាប់រំហូរនៃទំនាក់ទំនងនយោបាយ, សេដ្ឋកិច្ច, វប្បធម៌, វិនិយោគ, ធុរកិច្ច និងទេសចរណ៍របស់តំបន់ និងសកលលោក។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត, ភាពឈ្លាសវៃ និងភាពបុរេសកម្មរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី, កម្ពុជាបានក្លាយជាប្រទេសឈានមុខមួយក្នុងតំបន់ និងសកលលោក ដោយរាជរដ្ឋាភិបាលអាចគ្រប់គ្រងសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសបានយ៉ាងល្អប្រសើរ និងបានបង្កលទ្ធភាពឱ្យកម្ពុជាបើកប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យប្រកបដោយភាពជឿជាក់ និងសុវត្ថិភាព ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ រហូតមក។ រាជរដ្ឋាភិបាល ថែមទាំងបានប្រែក្លាយដំណាក់កាលនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ឱ្យទៅជាឱកាសនៃការកែលម្អ ដោយបានធ្វើទំនើបកម្មរចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងព្រះសីហនុ និងក្រុងសៀមរាប-អង្គរ ដែលជាប៉ូលទេសចរណ៍ដ៏សំខាន់ ដើម្បីទាក់ទាញ និងទទួលភ្ញៀវទេសចរណ៍នៅពេលដែលប្រទេសត្រូវបានបើកដំណើរការពេញលេញឡើងវិញ។

បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវផែនការមេសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ នៅតាមប៉ូលទេសចរណ៍សំខាន់ៗនានា សំដៅកសាងឡើងវិញនូវមូលដ្ឋានអភិវឌ្ឍន៍នៃវិស័យទេសចរណ៍ ដែលមានភាពប្រទាក់ក្រឡា និងភាពទាក់ទាញជាងមុន។ រាជរដ្ឋាភិបាលក៏មានសង្ឃឹមថា វិស័យឯកជននឹងចូលរួមដើម្បីឈានទៅសម្រេចនូវគោលបំណងទាំងនេះ ដូចមានការវិនិយោគបង្កើតសណ្ឋាគារ Fairfield by Marriott Phnom Penh នេះជាសក្ខីភាពស្រាប់ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com