ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាជ្ញាធររាជធានីភ្នំពេញ បានចុះពិនិត្យមើលម៉ូតូជាង១០០០គ្រឿង នៅឃ្លាំងOCIC ក្រោយដករហូតពីកុងស៊ីបញ្ចាំ នៅឃ្លាំងរំសេវ
ថ្ងៃទី ៖ 28-03-2023, ដោយ​​ admin , 107 Views
                     
ភ្នំពេញ : លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចុះធ្វើការត្រួតពិនិត្យមើលម៉ូតូ ដែលបានដកហូតពីឃ្លាំងបញ្ចាំកន្លងមក និងបែងចែកម៉ូតូណាស្របច្បាប់ ឬមិនស្របច្បាប់ ដើម្បីរកនីតិវិធីដោះស្រាយ ជូនដល់ម្ចាស់វិញ។ ប្រតិបត្តិការចុះត្រួតពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

លោក ឃ្លាំង ហួត បានលើកឡើងថា នៅពេលនេះ មានការចូលរួមសហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីត្រួតពិនិត្យមើលថា តើម៉ូតូណាមួយសមស្របតាមច្បាប់ ឬក៏មិនសមស្របតាមផ្លូវច្បាប់ ដើម្បីដោះស្រាយបញ្ចប់ រឿងទាំងនេះអស់ ហើយចាប់ផ្តើមបន្តការចុះពិនិត្យមើលឃ្លាំងបញ្ចាំខុសច្បាប់បន្តទៀត។ ជាមួយគ្នានេះដែរ លោកបានផ្ដាំផ្ញើដល់អ្នករកស៊ីអាជីវកម្មបញ្ចាំទាំងអស់ កុំធ្វើការកេងប្រវ័ញ្ច ញើសឈាមប្រជាជនក្រីក្រចឹង បើដឹងថាច្បាប់ហើយ។ 

លោកអភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា ចំពោះម៉ូតូណាដែលមានច្បាប់ ឬមិនមានច្បាប់ អាជ្ញាធរនឹងធ្វើការញែកដាច់ដោយឡែកពីគ្នា ដោយក្នុងនោះ យើងបានប្រគល់ជូននិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដោយឲ្យម្ចាស់ទីតាំងឃ្លាំង បញ្ចាំទាំងអស់យកឯកសារពាក់ព័ន្ធមកជាមួយ ក្នុងករណីម៉ូតូទាំងនោះមិនមានឯកសារត្រឹមត្រូវ និងបន្តធ្វើនីតិវិធីមួយទៀត។

លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់ម៉ូតូ សូមអញ្ជើញមកពិនិត្យមើលម៉ូតូរបស់ខ្លួននៅឃ្លាំងស្តុបទុកម៉ូតូ OCIC ជ្រោយចង្វារ ដែលស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយត្រូវកាន់ឯកសារពាក់ព័ន្ធ មកជាមួយដូចជា៖ ពាក្យបណ្ដឹង, កាតគ្រីម៉ូតូ និងអត្តសញ្ញាណប័ណ្ណ ចំពោះទីតាំងនៅOCICនេះ អាជ្ញាធរបានបើកទ្វាររង់ចាំបងប្អូនប្រជាពលរដ្ឋមកពិនិត្យមើលម៉ូតូ ជាប់ជាប្រចាំ។

លោកបន្តបញ្ជាក់ថា ចំពោះយុទ្ធនាការចុះបង្ក្រាបនៅទីតាំងឃ្លាំងបញ្ចាំខុសច្បាប់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ អាជ្ញាធរនៅតែបន្តអនុវត្ត ដោយមិនមានការលើកលែងនោះឡើយ។

ជាចុងក្រោយលោកបានបន្ថែមថា ក៏បានទទួលសំណូមពរពីប្រជាពលរដ្ឋផងដែរថា រាល់ថ្ងៃនេះ គេសង្កេតឃើញថា មានការលួចគាស់កាត់កញ្ចក់រថយន្ត ដែលកញ្ចក់រថយន្តទាំងនោះសុទ្ធតែមានតម្លៃថ្លៃៗ។ លោកថា ទីតាំងដែលទទួលទិញកញ្ចក់រថយន្តទាំងនោះនៅម្តុំកាល់ម៉ែត្រ។ ចំពោះទីតាំងខាងលើនេះ លោកនឹងធ្វើការចុះត្រួតពិនិត្យផងដែរឲ្យតែទទួលទិញរបស់ចោរនឹងទទួលទោស ហើយ អាជ្ញាធរនឹងធ្វើការបង្ក្រាបឲ្យខានតែបាន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com