អង្គការសុខភាពពិភពលោក តម្រូវឱ្យរដ្ឋជាភាគី ដំឡើងពន្ធថ្នាំជក់ ឱ្យបានទៀងទាត់ និង ជា ប្រចាំ ដើម្បីឱ្យអត្រាពន្ធថ្នាំជក់ឡើងដល់៧៥% នៃតំលៃលក់រាយ។ ប៉ុន្តែ កម្ពុជាមានអត្រាពន្ធ លើថ្នាំជក់តែ២៥%នៃតំលៃលក់រាយចំពោះបារីផលិតផលក្នុងស្រុក និង៣១%ចំពោះបារីនាំចូល ខណៈ បណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ មានអត្រាពន្ធថ្នាំជក់ខ្ពស់រហូតដល់៧៥%ឬប្រហាក់ ប្រហែល ។
អង្គការ សុខភាពពិភពលោកបញ្ជាក់ច្បាស់ថា ការដំឡើងពន្ធថ្នាំជក់នឹងធ្វើឱ្យរដ្ឋាភិបាល ទទួលបាន ចំណូលពន្ធយ៉ាងច្រើន និងកាត់បន្ថយចំនួនអ្នកស្លាប់ ឈឺ និងពិការ ដោយសារថ្នាំជក់។ ស្របគ្នានេះ សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ បានបង្ហាញលទ្ធផលនៃការវិភាគមួយដោយបញ្ជាក់ថា ដោយ សារ ខកខានមិនបានដំឡើងពន្ធថ្នាំជក់ តាមផែនទីបង្ហាញផ្លូវរបស់អង្គការសុខភាពពិភពលោកឆ្នាំ២០១៨ កម្ពុជាខាតបង់ចំណូលពន្ធប្រមាណ១៣០លានដុល្លាអាមេរិក ស្មើនឹង ០,៥%នៃGDPរបស់កម្ពុជា នៅឆ្នាំ២០២០។
តាមការសិក្សាមួយទៀតរបស់សាកលវិទ្យាជាតិមានជ័យ ដែលបានចុះផ្សាយកាលពីឆ្នាំ២០២១ បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាច្រើនលើសលប់របស់ដល់៩៤% ចង់ឱ្យរាជរដ្ឋាភិបាលកម្ពុជា ដំឡើងពន្ធថ្នាំជក់ឱ្យបានខ្ពស់ដូចប្រទេសជិតខាងយើងដែរ។ ប៉ុន្តែឧស្សាហកម្មថ្នាំជក់ និងអ្នក ពាក់ព័ន្ធ នឹងផលប្រយោជន៍នៃជំនួញថ្នាំជក់ តែងតែរិះរកគ្រប់មធ្យោបាយដើម្បីរារាំងការដំឡើង ពន្ធ ថ្នាំជក់ ដោយលើកជាមតិបំភាន់ខុសពីការពិតថា ការដំឡើងពន្ធថ្នាំជក់ នឹងនាំឱ្យរដ្ឋខាត់បង់ ចំណូល ពន្ធ ឬនាំឱ្យមានការគេចពន្ធបារីជាដើម បើតាមការបោះពុម្ភផ្សាយរបស់អង្គការ សុខភាពពិភពលោក។ គួរ
បញ្ជាក់ថា ជារៀងរាល់ឆ្នាំ ការជក់បារីបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា ១៥ ០០០នាក់ស្លាប់ ដោយសារជំងឺនាំមុខទាំង៥ រួមមាន ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាម បេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួតនិងបំពង់ ខ្យល់ ៕