លោក ចន សុភិត អធិការនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា មានព្រះសង្ឃមួយអង្គព្រះនាម វ៉ាត សុខវៀត ព្រះជន្ម២០ព្រះវស្សា គង់នៅវត្តធម្មមង្គល ស្ថិតក្នុងភូមិត្រពាំងផ្លុង ឃុំភារីមានជ័យស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានមកដាក់ពាក្យបណ្តឹងថានៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ព្រះអង្គត្រូវបានជនសង្ស័យមួយក្រុមស្ទាក់ប្លន់យកទូរសព្ទដៃមួយគ្រឿងម៉ាក iphoneនិងលុយខ្មែរ២ម៉ឺនរៀល ពេលដែលព្រះអង្គនិមន្តចេញពីវត្តទៅរកទិញបារី។ ព្រៈសង្ឃអង្គនេះ បានបញ្ជាក់ឱ្យដឹងថា ព្រះអង្គត្រូវបានគេវាយបណ្តាលឱ្យប៉ោងមុខនិងជាំភ្នែក ។
អធិការរូបនេះបានឱ្យដឹងបន្ថែមថា ក្រោយទទួលបានបណ្តឹងភ្លាមៗ កម្លាំងជំនាញក៏បានបើកការស៊ីបអង្កេតឈានដល់កំណត់មុខសញ្ញាសង្ស័យហើយក៏បានឃាត់ខ្លួនមកសាកសួរ។ ដោយក្នុងនោះបានឃាត់ខ្លួនព្រះសង្ឃ៣អង្គ ១-ព្រៈនាម ផុន មករា ព្រះជន្មអាយុ១៦ព្រះវស្សា ២-ព្រៈនាម ឌឿន វណ្ណដេតព្រះជន្ម១៦ព្រះវស្សា និង ៣-ព្រៈនាម រឿន ធារ៉ា ព្រះជន្ម១៤ព្រះវស្សាដែលគង់បួសរៀននៅវត្តខាងលើមកកាន់អធិការដ្ឋាន។
លោក ចន សុភិត បានឱ្យដឹងថា ក្រោមការសាកសួររបស់សមត្ថកិច្ចជំនាញ ព្រះសង្ឃទាំង៣អង្គនេះបានសារភាពថាពិតជាបានក្លែងខ្លួនដោយស្លៀកពាក់ស៊ីវិលធ្វើសកម្មភាពប្លន់ព្រះសង្ឃព្រះនាម វ៉ាត សុខវៀត នោះមែន ហើយពេលប្លន់រួចក៏វិលចូលវត្តវិញគ្រងស្បង់ធម្មតា។ក្រោយទទួលបានចម្លើយសារភាពកម្លាំងជំនាញក៏បានបញ្ជូនទៅមន្ទីរធម្មការនិងសាសនាដើម្បីផ្សឹកហើយបន្តនីតិវិធីច្បាប់៕