ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅកន្លែងកើតហេតុនោះ គឺម៉ូតូសណ្តោងរ៉ឺម៉កម៉ាកវ៉េវ (គ្មានអាវ)ពណ៌ខ្មៅ គ្មានស្លាកលេខបើកបរដោយ ឈ្មោះ អែម សំអូន (ហៅគោ) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) បានឌុបឈ្មោះ ផន ភីន ភេទប្រុស អាយុ១៦ឆ្នាំ នៅរស់ភូមិ-ឃុំជាមួយអ្នកបើកបរ (ស្លាប់នៅកន្លែងកើតហេតុ) ចំណែករថយន្តម៉ាក LEXUS LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-2225 ។
ប្រភពច្បាស់ការណ៍បានបន្តឱ្យដឹងទៀតថា ហេតុការណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូ និងរថយន្ត បានបើកបរបញ្ច្រាស់ទិសគ្នា ដោយម៉ូតូសណ្តោងរ៉ឺម៉ក់បើកបរពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ធ្វើអោយរថយន្តដែលបើកត្រង់ពីត្បូងទៅជើង បានបើកមកបុកពេញទំហឹងតែម្ដង បណ្តាលឱ្យអ្នកបើកម៉ូតូរ៉ឺម៉ក់ទាំង២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកអ្នកបើករថយន្តវិញ បើករត់គេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបន្តថា ក្នុងហេតុការណ៍ខាងលើនេះ បានបណ្តាលឱ្យម៉ូតូសណ្តោងរ៉ឺម៉កខូចខាតធ្ងន់ ចំណែករថយន្តវិញ គឺខូចកម្រិតខ្លាំងដូចគ្នា។ ក្រោយពេលកើតហេតុ សពជនរងគ្រោះទាំង២នាក់ ត្រូវបានជំនាញធ្វើកំណត់ហេតុ រួចប្រគល់សពអោយក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត lexus 570 និងម៉ូតូសណ្តោងរ៉ឺម៉កត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ៕