ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានរដ្ឋវៀតណាម បន្តជជែកពីការបោះបង្គោលព្រំដែនដែលនៅសេសសល់
ថ្ងៃទី ៖ 27-09-2022, ដោយ​​ admin , 134 Views
                     
ជប៉ុន : មេដឹកនាំកម្ពុជា និងវៀតណាម បានឯកភាពគ្នាក្នុងការបន្តដោះស្រាយការងារមួយចំនួនដែលនៅសេសសល់ ពិសេសលើបញ្ហាបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរឲ្យកាន់ឆាប់រហ័ស។

លោក ប្រធានរដ្ឋវៀតណាម បានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលបានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ក្នុងការធ្វើជាប្រធានអាស៊ាន ដើម្បីបម្រើផលប្រយោជន៍តំបន់របស់យើង។

ប្រធានរដ្ឋ បានបង្ហាញនូវអនុស្សាវរីយ៍ជាច្រើនដែលធ្លាប់បានធ្វើការជាមួយសម្តេច ក្នុងពេលដែលលោកធ្វើជា នាយករដ្ឋមន្រ្តីវៀតណាម។ ការជជែកពីរឿងបោះបង្គោលព្រំដែននេះ ខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយលោក ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម គ្រាដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ របស់លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។

នៅក្នុងពិធីទទួលទានអាហារពេលព្រឹកការងារនោះ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចំរើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ ។

សម្តេចតេជោមានប្រសាសន៍ជំរាបជូន ប្រធានរដ្ឋវៀតណាម ពីវត្តមានរបស់ សម្តេចអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ និងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា។

ជាមួយគ្នានេះ សម្តេចបានជំរាបជូនប្រធានរដ្ឋវៀតណាម ពីលទ្ធផលផ្លែផ្កានៃការធ្វើកិច្ចការជាច្រើន ជាមួយនាយករដ្ឋមន្រ្តីវៀតណាមថ្មី លើការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

លោក ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណាម មានប្រសាសន៍សំដែងនូវការរីករាយដោយបានជួបសម្តេចតេជោសាជាថ្មីម្តងទៀត នៅលើទឹកដីនៃប្រទេសជប៉ុន។ លោក បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបញ្ញាញាណ នៃការដឹកនាំរបស់ សម្តេចតេជោ ដែលបានស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ។

ប្រធានរដ្ឋ ក៏បានវាយតម្លៃខ្ពស់ ចំពោះប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានរួមគ្នាដោះស្រាយលើការងារធំៗជាច្រើន ដែលបម្រើឧត្តមប្រយោជន៍នៃប្រទេសនិងប្រជាជនទាំងពីរកម្ពុជា-វៀតណាម ពិសេសកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងខ្ពស់ បើទោះបីជាជួបវិបត្តិជំងឺកូវីដ១៩ក្តី ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com