លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា ការវិលត្រឡប់មកបំពេញការងារវិញយ៉ាងឆាប់រហ័សនេះ ធ្វើឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត និងការជួយសម្របសម្រួលពីសំណាក់មន្ត្រីជំនាញក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាសុវត្ថិភាព និងរក្សាអត្ថប្រយោជន៍ការងារជូនបងប្អូនកម្មករនិយោជិត។
សូមបញ្ជាក់ថា ភ្លាមៗក្រោយកើតហេតុអគ្គិភ័យនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ត្រីជំនាញក្រសួង និងមន្ទីរការងារ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះដល់ទីតាំងរោងចក្រ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីសម្របសម្រួលឱ្យកម្មករចាកចេញទៅកាន់ទីសុវត្ថិភាព។
ក្រុមបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានគ្រប់គ្រងអគ្គិភ័យទាំងស្រុងនៅថ្ងៃដដែល និងទប់ស្កាត់ការរាលដាលទៅអគារផ្សេងទៀត ដោយពុំមានកម្មករនិយោជិតណាម្នាក់រងរបួសឡើយ៕