នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១១ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, លោកនាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី១១ និងកិច្ចប្រជុំកំពូល CLMV លើកទី១២ នាឱកាសនេះ ហើយលោកជឿជាក់ថា កម្ពុជាក៏នឹងទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល CLMV លើកទី១៣ នាពេលខាងមុខ។
ស្របពេលជាមួយគ្នានេះ, លោកនាយករដ្ឋមន្រ្តីបានអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលការណ៍នេះបានសបញ្ជាក់អំពីការលើកកម្ពស់តួនាទី និងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
បន្ថែមលើនេះ, លោកបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងលទ្ធផលប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់កម្រិត ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការជំរុញចំណងមិត្តភាពទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ជូនចំពោះសម្ដេច និងគណៈប្រតិភូ។ សម្ដេចធិបតីក៏បានសម្ដែងនូវការអបអរសាទរចំពោះវៀតណាម ដែលនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC នៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ។
ជាមួយគ្នានេះ, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានគូសបញ្ជាក់អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត។
ប្រមុខរដ្ឋាភិបាលទាំងពីរ បានសង្កត់ធ្ងន់អំពីទំនាក់ទំនងដ៏ល្អ និងជាប្រពៃណីដ៏យូរអង្វែងនៃប្រទេសទាំងពីរ ហើយប្រទេសទាំងពីរនឹងរៀបចំព្រឹត្តិការណ៍នានាឱ្យបានអធិកអធម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងជាឆ្នាំមិត្តភាពនៃប្រទេសទាំងពីរក្នុងឆ្នាំ២០២៧។
សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់ដើម្បីដាក់ចេញនូវយន្តការជាក់ស្ដែង ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, សន្តិសុខ និងការពារជាតិ, ថាមពល, អប់រំ, កសិកម្ម, ទេសចរណ៍, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន៕