ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
បុរសម្នាក់ដឹកជញ្ជូន និងរក្សាទុក «ពស់ថ្លាន់» ជាង ៣០០គីឡូក្រាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
ថ្ងៃទី ៖ 19-11-2026, ដោយ​​ Dara007 , 55 Views
                     
សៀមរាបៈ បុរសម្នាក់ដឹកជញ្ជូន និងរក្សាទុក «ពស់ថ្លាន់» ជាង ៣០០គីឡូក្រាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

លោក សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងនាថ្ងៃទី១៩ ខែវិច្ឆិកានេះថា កាលពីថ្ងៃទី១៧ និង១៨ ខែវិច្ឆិកា កងរាជអាវុធហត្ថក្រុងសៀមរាប បានបង្ក្រាបករណីដឹកជញ្ជូន និងរក្សាទុកពស់ថ្លាន់ដោយខុសច្បាប់ នៅចំណុចភូមិ៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។ ក្នុងប្រតិបត្តិការនោះកម្លាំងអាវុធហត្ថខាងលើ បានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតពស់ថ្លាន់សរុប ២៧ការ៉ុង ឬស្មើនឹង៣១៨,៤គីឡូក្រាម។

លោក សៀ ទីន បន្ដថា បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ជាមួយគ្នា លោកបានអំពាវនាវដល់សាធារណជនរួមគ្នាការពារ និងអភិរក្សសត្វព្រៃ ដោយមិនគាំទ្រការជួញដូរសត្វព្រៃខុសច្បាប់។

ពស់ថ្លាន់ ត្រូវបានគេចាត់ទុកជាប្រភេទសត្វងាយរងគ្រោះ ដ្បិតចំនួនរបស់វាបានធ្លាក់ចុះបន្តបន្ទាប់ ដែលបណ្ដាលមកពីប្រមាញ់ និងជួញដូរ។ ពស់ថ្លាន់ញីមានទំហំធំជាងពស់ឈ្មោល ហើយនៅពេលវាពេញវ័យអាចមានទម្ងន់រហូតដល់ ៩០គីឡូក្រាម និងប្រវែង ៧ម៉ែត្រ។ ពស់ប្រភេទនេះ អាចពងកូនបានដល់ ១០០គ្រាប់ក្នុងមួយដង និងអាចរស់នៅបាន ៣០ឆ្នាំ ឬយូរជាងនេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com