ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា នាព្រលប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្តេចធិបតី បានសម្តែងការស្វាគមន៍ចំពោះសេចក្តីប្រកាសនយោបាយរួម និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២៩ ដែលគ្របដណ្ដប់លើវិស័យសំខាន់ៗជាច្រើន រួមមានសេដ្ឋកិច្ច ការឆ្លើយតបបញ្ហាប្រឈមសន្តិសុខសកល និងការផ្លាស់ប្ដូររវាងប្រជាជន។ កិច្ចព្រមព្រៀងទាំងនេះ គឺជាឯកត្តកម្មសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងច្រើនជាមួយដៃគូក្នុងពេលតែមួយ។
ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កម្ពុជាវាយតម្លៃខ្ពស់ចំពោះការគាំទ្រយូរអង្វែងរបស់បារាំង ជាពិសេសទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ចាប់តាំងពីឆ្នាំ១៩៩៣។ កិច្ចព្រមព្រៀងវិនិយោគក្នុងវិស័យយុទ្ធសាស្ត្រដូចជា ថាមពល សុខាភិបាល ទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម នឹងបង្កើតឱកាសថ្មីៗដើម្បីពង្រីកការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី។
លើសពីនេះ ប្រទេសទាំងពីរនឹងបន្តកិច្ចប្រតិបត្តិការយោធារួមគ្នាក្នុងការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាព ព្រមទាំងពង្រឹងកិច្ចសហការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
សម្តេចធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខឆ្លងដែន រួមមានឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង ឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងវិស័យវប្បធម៌ កម្ពុជាវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់បារាំងក្នុងការអភិវឌ្ឍ និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ ជាពិសេសការជួសជុលប្រាសាទមេបុណ្យខាងលិច។
ព្រះករុណា ព្រះមហាក្សត្រ និងប្រធានាធិបតី ម៉ាក្រុង នឹងយាង និងអញ្ជើញចូលរួមធ្វើអធិបតីក្នុងពិធីអបអរសាទរសមិទ្ធផលនេះនៅសៀមរាបនៅថ្ងៃស្អែក។
ជាមួយគ្នានេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញារបស់ប្រធានាធិបតី ម៉ាក្រុង ក្នុងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសការគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់រដ្ឋ។
លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនេះ បានផ្ដល់នូវកម្លាំងចលករថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង ដែលជាផលប្រយោជន៍ដល់ប្រជាជនទាំងពីរ៕