ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
សម្ដេចធិបតី ៖ ប្រធានាធិបតីបារាំងខិតខំប្រឹងប្រែងជួយសម្របសម្រួល ស្វែងរកដំណោះស្រាយដោយសន្តិវិធី ជម្លោះព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី ៖ 16-11-2026, ដោយ​​ dara007 , 31 Views
                     
ភ្នំពេញៈ សម្ដេចធិបតី ថ្លែងថា ប្រធានាធិបតីបារាំងខិតខំប្រឹងប្រែងជួយសម្របសម្រួល ស្វែងរកដំណោះស្រាយដោយសន្តិវិធី ជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីធានាឱ្យគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាទ្វេភាគី និងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការនានា នារសៀលថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងកិច្ចការតំបន់ និងអន្តរជាតិ កម្ពុជា និងបារាំង បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះពហុភាគីនិយម ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី។

ដោយឡែក ពាក់ព័ន្ធនឹងស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ សម្តេចធិបតី បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តមោះមុតរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។

ក្នុងន័យនេះ សម្ដេចសូមអរគុណដល់ប្រទេសបារាំង ក៏ដូចជាលោកប្រធានាធិបតីផ្ទាល់ ដែលបានខិតខំស្វែងរកក្នុងការសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធីរវាងប្រទេសយើងទាំងពីរ។

បន្ថែមពីលើនេះ សម្តេចមធិបតី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះ លោកប្រធានាធិបតី ម៉ាក្រុង សម្រាប់ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោក ក្នុងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសគឺការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដដែលនេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងជម្រាបជូនមេដឹកនាំនៃបណ្តាប្រទេសហ្វ្រង់កូហ្វូនីអំពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ ដោយសម្តេចបានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ថា កម្ពុជាមិនមែនជាអ្នកផ្តើមបាញ់មុនឡើយ ហើយគ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (Faits Accomplis) នោះទេ ខណៈការគោរពច្បាប់អន្តរជាតិ គឺជាការធានាសន្តិសុខដល់គ្រប់បណ្តារដ្ឋទាំងតូចទាំងធំ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com