ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
លោក នេត ភក្ត្រា៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០នេះ នឹងផ្តល់លទ្ធផលសំខាន់ចំនូន៥
ថ្ងៃទី ៖ 15-11-2026, ដោយ​​ admin , 40 Views
                     
ភ្នំពេញៈ លោក នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងថា កម្ពុជារំពឹងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនាពេលនេះ នឹងផ្តល់លទ្ធផលសំខាន់ៗ ចំនួន៥ចំណុច ដើម្បីពង្រឹងតួនាទីរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅក្នុងការការពារសន្តិភាព និងការគាំទ្រការដោះស្រាយវិបត្តិ។

ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់បើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០បានឱ្យដឹងថា តាមរយៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០នេះ នឹងផ្តល់លទ្ធផលសំខាន់ៗមួយចំនួន រូមមាន ៖ ទី១ សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលមានបីចំណុច នឹងក្លាយទៅជាលទ្ធផលនយោបាយដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនីចំពោះសន្តិភាព វិបុលភាពរួម និងស្ថេរភាពយូរអង្វែង។ ទី២ គឺការពង្រឹងតួនាទីរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅក្នុងការការពារសន្តិភាព និងការគាំទ្រការដោះស្រាយវិបត្តិ។កិច្ចប្រជុំនឹងផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំពិភាក្សាអំពីតួនាទីរបស់អង្គការនៅក្នុងការជំរុញកិច្ចសន្ទនា ការកសាងទំនុកចិត្ត និងការគាំទ្រស្ថេរភាពនៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ទី៣ គឺការកំណត់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ជាពិសេសគឺលើវិស័យអប់រំ យុវជន ស្ត្រី សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ និងអភិបាលកិច្ច។ទី៤ គឺការពង្រឹងប្រសិទ្ធភាពស្ថាប័ន OIF តាមរយៈការពិនិត្យវឌ្ឍនភាពនៃកម្មវិធីការងារឆ្នាំ២០២៤-២០២៧ និងការពិចារណាទិសដៅយុទ្ធសាស្ត្របន្ត និងទី៥ គឺការសម្រេចចិត្តលើការពង្រឹងសមាជិកភាព និងការដឹកនាំអង្គការ រួមមានការសម្រេចលើការសុំចូលជាសមាជិកនិងការផ្លាស់ប្តូរឋានៈសមាជិកនិងការជ្រើសរើសអគ្គលេខាធិការរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីដែលនឹងត្រូវផុតអាណត្តិ ហើយនឹងត្រូវបោះឆ្នោតជ្រើសរើសអគ្គលេខាធិការថ្មី។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកជាផ្លូវការហើយនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងជាន់ខ្ពស់ពីប្រទេសសមាជិក ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិរាប់ពាន់នាក់។ ការធ្វើជាម្ចាស់ផ្ទះនេះ បង្ហាញពីទំនុកចិត្តលើសមត្ថភាពរៀបចំរបស់កម្ពុជា និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com