ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មានប្រសាសន៍ថា កិច្ចប្រជុំកំពូលនេះត្រូវតែក្លាយជាឱកាសមួយ ដើម្បីបញ្ជាក់ជាថ្មីនូវបេសកកម្មនយោបាយរបស់អង្គការហ្វ្រង់កូហ្វូនី និងបម្លែងសាមគ្គីភាពរបស់យើងឱ្យទៅជាការប្តេជ្ញាចិត្តជាក់ស្តែង ដោយគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ អង្គការហ្វ្រង់កូហ្វូនីដែលយើងចង់បាន មិនមែនជាអង្គការដែលបិទខ្លួនឯង ឬបែកបាក់ផ្ទៃក្នុងនោះទេ។ ប៉ុន្តែជាអង្គការដែលបើកចំហ ដោយការពារភាសាបារាំង ព្រមទាំងគោរព និងលើកតម្កើងភាសាផ្សេងៗទៀត។
លោក អេម៉ានុយអែល ម៉ាក្រុង គូសបញ្ជាក់ថា ការប្តេជ្ញាចិត្តនេះមានសារៈសំខាន់ជាពិសេសនៅក្នុងអង្គការអន្តរជាតិនានា ពីព្រោះពហុភាសាមិនមែនគ្រាន់តែជាបញ្ហានៃការបកប្រែ ឬនីតិវិធីប៉ុណ្ណោះទេ ប៉ុន្តែវាពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសមភាពរវាងរដ្ឋ គុណភាពនៃការចរចា ការទទួលបានព័ត៌មាន និងចុងក្រោយគឺភាពស្របច្បាប់របស់ប្រព័ន្ធពហុភាគីនិយមទាំងមូល។ លោកបន្ដថា នៅក្នុងកិច្ចប្រជុំកំពូលនេះ យើងនឹងអនុម័តសេចក្តីប្រកាសមួយចំនួនដែលមានមហិច្ឆតាខ្ពស់ ហើយយើងក៏នឹងពិភាក្សា និងសម្រេចលើបញ្ហាទាក់ទងនឹងអភិបាលកិច្ចរបស់អង្គការយើង ព្រមទាំងការទទួលសមាជិកថ្មីផងដែរ។ នេះមិនមែនជារឿងតូចតាចនោះទេ ពីព្រោះវាជាអ្វីដែលធ្វើឱ្យស្ថាប័នរបស់យើងក្លាយជាអង្គការដែលមានជីវិត និងបន្តវិវឌ្ឍទៅមុខជានិច្ច។
លោកបន្ដថា ការប្តេជ្ញាចិត្តរបស់ប្រទេសបារាំងត្រូវបានបង្ហាញតាមរយៈភាពរស់រវើកនៃកិច្ចសហប្រតិបត្តិការរបស់យើង សកម្មភាពរបស់ស្ថាប័ននានា បណ្តាញវប្បធម៌ ភាពជាដៃគូជាមួយសាកលវិទ្យាល័យ និងការចូលរួមរបស់មនុស្សគ្រប់រូបដែលបានរួមចំណែកធ្វើឱ្យភាសារួមរបស់យើងមានជីវិតរស់រវើកជារៀងរាល់ថ្ងៃ។ យើងក៏ត្រូវយកចិត្តទុកដាក់ថែរក្សានូវអ្វីដែលជាកម្លាំងរបស់អង្គការយើង ពោលគឺសាមគ្គីភាព និងឯកភាពផ្ទៃក្នុង។ គ្រួសារហ្វ្រង់កូហ្វូនីរបស់យើងបានពង្រីកខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ហើយនៅតែបន្តពង្រីកបន្ថែមទៀត។
លោក អេម៉ានុយអែល ម៉ាក្រុងសង្កត់ធ្ងន់ថា ការបើកចំហនេះគឺជាឱកាសដ៏មានតម្លៃមួយ។ វាជួយបង្កើនភាពសម្បូរបែប ពង្រឹងសក្តានុពល និងលើកកម្ពស់កិត្យានុភាពរបស់អង្គការហ្វ្រង់កូហ្វូនី។
ជាមួយគ្នានេះ វាក៏ពង្រឹងនូវភាពចាំបាច់ក្នុងការបង្កើតកិច្ចសន្ទនាដោយស្មោះត្រង់ ប្រកបដោយភាពស្ថាបនា និងមានភាពម៉ឺងម៉ាត់ ដែលផ្អែកលើចំណុចរួមរបស់យើង ជាជាងការធ្វើឱ្យភាពខុសគ្នារវាងយើងកាន់តែធ្ងន់ធ្ងរឡើង។ កិច្ចសន្ទនានេះតម្រូវឱ្យយើងកសាងការឯកភាពរួមជានិច្ច ដើម្បីរក្សាសាមគ្គីភាពរបស់អង្គការ៕