ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ប្រធានាធិបតីបារាំង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះប្រកបដោយមោទនភាព។
លោកប្រធានាធិបតីបារាំង បានលើកឡើងថា ការវិលត្រឡប់មកកាន់ទ្វីបអាស៊ីវិញ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ គឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់ថា អង្គការហ្វ្រង់កូហ្វូនី មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសណាមួយ ឬទ្វីបណាមួយឡើយ ប៉ុន្តែគឺជាលំហនៃតម្លៃសកលដែលប្រមូលផ្តុំរដ្ឋ និងរដ្ឋាភិបាលចំនួន ៩០ និងប្រជាជនជាង ៤០០លាននាក់ ដើម្បីរួមគ្នាការពារពហុភាគីនិយម សមភាពរវាងរដ្ឋ និងការដោះស្រាយវិបត្តិនានាតាមរយៈកិច្ចសន្ទនា និងនីតិរដ្ឋ។
ក្នុងឱកាសនោះដែរ លោកក៏បានរំលឹកឡើងវិញនូវគុណូបការៈដ៏ថ្លៃថ្លារបស់ស្ថាបនិកទាំង ៤រូប ដែលបានផ្តួចផ្តើមបង្កើតអង្គការហ្វ្រង់កូហ្វូនី កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ នៅទីក្រុងនីអាម៉េ ជាពិសេសព្រះរាជបូជនីយកិច្ចរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ រួមជាមួយឥស្សរជនអាហ្វ្រិកចំនួន ៣រូបទៀត ដែលបានប្រែក្លាយភាសាបារាំងឱ្យទៅជាឧបករណ៍នៃការរំដោះខ្លួន សេរីភាព និងការផ្សះផ្សាទំនាក់ទំនងរវាងបណ្តាប្រទេសនៅភាគខាងត្បូង និងភាគខាងជើង។
បន្ថែមលើសពីការពង្រឹងសាមគ្គីភាពនយោបាយលោក បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុង Villers-Cotterêts រួមមានការលើកកម្ពស់ការអប់រំ ការបណ្តុះបណ្តាលយុវជន ការជំរុញធុរកិច្ចតាមរយៈពិព័រណ៍ Francotech លើកទី២ នៅកម្ពុជា ព្រមទាំងការការពារភាពចម្រុះនៃភាសានៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) ដើម្បីធានាថាបច្ចេកវិទ្យានាពេលអនាគតនឹងមិនទុកប្រជាជនណាម្នាក់ចោលនៅក្រៅការអភិវឌ្ឍឡើយ។
មុននឹងប្រកាសប្រគល់តំណែងជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីជាផ្លូវការជូនព្រះរាជាណាចក្រកម្ពុជា ប្រធានាធិបតីបារាំង បានបង្ហាញនូវជំនឿទុកចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី កម្ពុជានឹងបន្តលើកកម្ពស់មហិច្ឆតារួម តាមរយៈសំឡេងដ៏មានឥទ្ធិពលក្នុងការជំរុញកិច្ចសន្ទនា សកម្មភាព និងសន្តិភាព ដើម្បីនាំមកនូវវិបុលភាពរួម និងស្ថិរភាពយូរអង្វែងសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនីទាំងមូល៕