ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
ព្រះមហាក្សត្រកម្ពុជា ៖ ហ្វ្រង់កូហ្វូនីដែលព្រះបរមតនកោដ្ឋចង់បាន គឺហ្វ្រង់កូហ្វូនីដែលបង្រួបបង្រួមប្រជាជាតិនានា
ថ្ងៃទី ៖ 15-11-2026, ដោយ​​ Dara007 , 49 Views
                     
ភ្នំពេញៈ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះបន្ទូលថា ៖ ហ្វ្រង់កូហ្វូនីដែលព្រះបរមតនកោដ្ឋចង់បាន គឺហ្វ្រង់កូហ្វូនីដែលបង្រួបបង្រួមប្រជាជាតិនានា តាមរយៈភាសារួមមួយ។

មានព្រះបន្ទូលទៅកាន់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល និងប្រមុខរដ្ឋាភិបាលខេត្តនិងតំបន់ ដែលចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ បានបញ្ជាក់ដូច្នេះថា «ហ្វ្រង់កូហ្វូនី ដែលព្រះបិតារបស់ខ្ញុំចង់បាន គឺហ្វ្រង់កូហ្វូនីដែលបង្រួបបង្រួមប្រជាជាតិនានា តាមរយៈភាសារួមមួយ ដោយមិនតម្រូវឱ្យប្រជាជាតិណាមួយបោះបង់អត្តសញ្ញាណរបស់ខ្លួនឡើយ។ កម្ពុជា គឺជាសក្ខីភាពនៃឧត្តមគតិនេះ។

យើងខ្ញុំជាខ្មែរយ៉ាងពេញលេញ ជាអាស៊ីយ៉ាងពេញលេញ ហើយក៏ជាហ្វ្រង់កូហ្វូនី យ៉ាងពេញលេញដែរ»។ ស្ថាប័នហ្វ្រង់កូហ្វូនី បានចាប់កំណើតឡើងនៅលើទឹកដីអាហ្វ្រិក ក្នុងទីក្រុងនីអាមេ (Niamey) នាឆ្នាំ១៩៧០។ ការចាប់កំណើតនេះ កើតចេញពីឥស្សរជនដ៏ឆ្នើមចំនួនបួនរូប គឺ លោក លេអូប៉ូល សេដារ សេងហ្គ័រ (Léopold Sédar Senghor) នៃប្រទេសសេណេហ្គាល់, លោក ហាប៊ីប បួរគីបា (Habib Bourguiba) នៃប្រទេសទុយនីស៊ី, លោក ហាម៉ានី ឌីអូរី (Hamani Diori) នៃប្រទេសនីហ្សេ, និងព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

កាលពីបង្កើតដំបូង ស្ថាប័នហ្វ្រង់កូហ្វូនី បានបង្កប់នូវមហិច្ឆតាមួយ ដែលលាតសន្ធឹងហួសពីព្រំដែននៃទ្វីបនានា។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ បានរំលឹកដល់មរតករបស់ព្រះបរមតនកោដ្ឋ ដែលទ្រង់មានព្រះរាជជំនឿថា ភាសាបារាំងដែលប្រើរួមគ្នានេះ ក្លាយជាមធ្យោបាយមួយសម្រាប់លើកតម្កើងសេចក្ដីថ្លៃថ្នូររបស់ប្រជាជាតិទាំងអស់ និងការផ្តល់អាទិភាពដល់ការសន្ទនាជាជាងការប្រើកម្លាំង ព្រមទាំងការគោរពចំពោះភាពចម្រុះ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ មានព្រះបន្ទូលថា នៅកម្ពុជា ភាសាបារាំងមានវត្តមានតាំងពីសម័យអាណាព្យាបាល។ ព្រះបិតាព្រះបរមតនកោដ្ឋ ទ្រង់បានប្រែក្លាយ មរតកនេះឱ្យទៅជាជម្រើសអធិបតេយ្យមួយ និងតម្រង់ទិសឆ្ពោះទៅអនាគត។

ដោយសារព្រះអង្គ ទើបទ្វីបអាស៊ីបានចូលរួមចំណែកក្នុងការកសាងហ្វ្រង់កូហ្វូនី តាំងពីដំណាក់កាលដំបូងបំផុតនៃការចាប់កំណើតរបស់អង្គការនេះម្ល៉េះ។ សូមបញ្ជាក់ថា ប្រទេសនៃរដ្ឋ និងតំបន់ ដែលចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា មានចំនួន៨២ប្រទេស ក្នុងចំណោម៩០ប្រទេស ដែលមានអ្នកចេះភាសាបរាំងចំនួន៣៩៦លាននាក់ទូទាំងពិភពលោក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com