ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល ដើម្បីពង្រីកឱកាសការងារ និងលើកកម្ពស់ជីវភាព
ថ្ងៃទី ៖ 11-11-2026, ដោយ​​ Dara007 , 57 Views
                     
ភ្នំពេញៈ គិតចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បងប្អូនអតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋចំនួន១៣ ២៧៨នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញពីមុន នៅតាមមជ្ឈមណ្ឌលវាយតម្លៃទាំង១៣ទីតាំងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងនោះ អ្នកទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញមានចំនួន១២ ៤១៨នាក់ និងអ្នកទទួលបានលិខិតបញ្ជាក់ក្រេឌីតមានចំនួន៨៦០នាក់។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ «បងប្អូនអតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋក្នុងស្រុកដែលមានជំនាញ និងបទពិសោធន៍ការងារស្រាប់ ត្រូវបានផ្តល់ឱកាសឱ្យធ្វើតេស្តដោយឥតគិតថ្លៃ ដើម្បីទទួលបានការទទួលស្គាល់ជំនាញជាផ្លូវការ។ នេះជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ ក្នុងការជួយបងប្អូនអតីតពលករ និងប្រជាពលរដ្ឋឱ្យមានជម្រើសការងារកាន់តែទូលំទូលាយ និងឱកាសបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ»។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនជូនបងប្អូនអតីតពលករមកពីប្រទេសថៃ និងពលរដ្ឋទូទៅ ដើម្បីប្រែក្លាយបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្របញ្ជាក់សមត្ថភាពសម្រាប់អ្នកធ្វើតេស្តជាប់ ដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជំនួស១០០%។ បច្ចុប្បន្ន កម្មវិធីនេះកំពុងអនុវត្តជំហានទី២ ដែលបានចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ខណៈជំហានទី១បានបញ្ចប់ដោយមានអ្នកធ្វើតេស្តប្រមាណ១ម៉ឺននាក់។

ក្នុងជំហានទី២នេះ មុខជំនាញសម្រាប់ធ្វើតេស្តមានចំនួន១៥ ក្នុងនោះ១៣ជំនាញសម្រាប់អតីតពលករមកពីថៃ និង២ជំនាញសម្រាប់ពលរដ្ឋទូទៅ។ ជំនាញសម្រាប់អតីតពលកររួមមាន ការងារកំបោរ ការងារការ៉ូ ការងារដំឡើងពុម្ព ការដំឡើងបណ្តាញបំពង់ទឹក ការលាយបាយអនិងបេតុង និងការងារដំបូលជាដើម។ ដោយឡែក ជំនាញទាំង២សម្រាប់ពលរដ្ឋទូទៅ គឺការឆុងនិងរចនាកាហ្វេ និងការរចនាក្រាហ្វិកដោយកុំព្យូទ័រ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារបានអំពាវនាវដល់យុវជន កម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានជំនាញ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់សមត្ថភាព សូមចុះឈ្មោះធ្វើតេស្ត RPL ដោយឥតគិតថ្លៃ ដើម្បីទទួលបានការវាយតម្លៃ និងការបញ្ជាក់សមត្ថភាពរបស់ខ្លួន សម្រាប់ប្រើប្រាស់ក្នុងការស្វែងរកការងារ និងអភិវឌ្ឍអាជីព សំដៅលើកកម្ពស់ជីវភាពឱ្យកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com