យោងតាមតម្រូវការចាំបាច់ និងសំណូមពរនៃការងារ រាជរដ្ឋាភិបាលបានអនុញ្ញាតជូនក្រសួងការពារជាតិ ជ្រើសរើសប្រជាពលរដ្ឋខ្មែរ ភេទប្រុស ចំនួន១០,០០០នាក់ សម្រាប់ឆ្នាំ២០២៦ ដោយបែងចែកជា២វគ្គហ្វឹកហ្វឺន ក្នុង១វគ្គមានយោធិនកាតព្វកិច្ចចំនួន៥,០០០នាក់ ចូលហ្វឹកហ្វឺនតាមសាលាទាំង៨។ សូមបញ្ជាក់ថា ការបំពេញយោធានៅកម្ពុជា គឺមានគោលបំណង ដើម្បីជាការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសន្តិសុខជាតិ , ធានាឱ្យមានកងយោធពលខេមរភូមិន្ទដែលមានគុណភាព មានវិន័យ និងមានកម្លាំងបម្រុងគ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការការពារជាតិ , ពង្រឹងសមត្ថភាព វិន័យ ស្មារតីទទួលខុសត្រូវ និងអភិវឌ្ឍធនធានមនុស្ស (យុវជន) សម្រាប់ជាតិ និងជួយកាត់បន្ថយការចំណាយថវិកាជាតិធំៗ ក្នុងការរៀបចំកម្លាំងការពារជាតិក្នុងវិស័យសំខាន់ៗ។
ច្បាប់ស្តីពីកាតព្វកិច្ចយោធា របស់ព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រកាសឱ្យប្រើប្រាស់ក្នុងខែឧសភា ឆ្នាំ២០២៦ ។
យុវជនដែលត្រូវបំពេញកាតព្វកិច្ចយោធាចាប់ពីអាយុពី ១៨ ដល់ ២៥ ឆ្នាំ ។
ក្នុងនោះស្រ្តីអាចចូលរួមបំពេញកាតព្វកិច្ចយោធាដោយ ស្ម័គ្រចិត្ត។ សម្រាប់រយៈពេលបំពេញកាតព្វកិច្ចមានរយៈ២ ឆ្នាំ។ ក្រោយពីបញ្ចប់កាតព្វកិច្ច ត្រូវស្ថិតនៅក្នុងបញ្ជីជាយោធិនបម្រុងរហូតដល់អាយុ ៤៥ ឆ្នាំ៕