ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
ក្រសួងការងារ បន្តចុះផ្សព្វផ្សាយឱកាសការងារជាង២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនដល់អតីតពលករនៅស្រុកបន្ទាយមាស ខេត្តកំពត
ថ្ងៃទី ៖ 06-11-2026, ដោយ​​ Dara007 , 43 Views
                     
កំពតៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តចុះផ្សព្វផ្សាយអំពីឱកាសការងារក្នុងស្រុកជាង២ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធីបណ្ដុះបណ្ដាលជំនាញ TVET ផ្តល់ជូនបងប្អូនអតីតពលករដែលធ្លាប់ធ្វើការនៅថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើប្រមាណជិត៤០០នាក់ នាព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកបន្ទាយមាស ខេត្តកំពត។

លោកស្រី ស៉ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់បងប្អូនអតីតពលករ ក៏ដូចជាប្រជាពលរដ្ឋដែលចូលរួមក្នុងវេទិកានេះ ឱ្យចេះចាប់យកឱកាសការងារដែលខ្លួនពេញចិត្តឱ្យបាន ដើម្បីទទួលបានប្រាក់ចំណូលទៀងទាត់ ជំរុញជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ។

ចំពោះបងប្អូនដែលចង់រៀនជំនាញវិជ្ជាជីវៈ អាចចុះឈ្មោះចូលរៀនជំនាញដែលខ្លួនពេញចិត្ត ជាពិសេសចូលរៀនជាមួយកម្មវិធី TVET 1.5M ដែលផ្ដល់ជូនដោយរាជរដ្ឋាភិបាលដោយឥតគិតថ្លៃ ដើម្បីកសាងជំនាញពិតប្រាកដ និងប្រើប្រាស់ជាទុនសម្រាប់ជំរុញជីវភាពគ្រួសារឱ្យកាន់តែរីកលូតលាស់ទៅមុខ។

លោកស្រីបានបញ្ជាក់យ៉ាងច្បាស់ថា ក្រៅពីប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ការងារក្នុងស្រុកក៏ផ្តល់នូវអត្ថប្រយោជន៍ពី ប.ស.ស. រួមមាន ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន។

ប្រសិនបើចង់ទៅធ្វើការនៅក្រៅប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់ ក៏សូមជ្រើសរើសក្រុមហ៊ុនស្របច្បាប់ ដើម្បីទទួលបានការការពារសិទ្ធិ និងអត្ថប្រយោជន៍ពេញលេញ។

លោកស្រីក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋជួយផ្សព្វផ្សាយបន្តពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនដល់សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិបន្តទៀត ដើម្បីជួយគ្នាឱ្យទទួលបានការងារធ្វើ មានប្រាក់ចំណូលសមរម្យ។

ប្រសិនបើបងប្អូនអតីតពលករ ក៏ដូចជាប្រជាពលរដ្ឋដែលចូលរួមក្នុងវេទិកានេះមានចម្ងល់ចង់សាកសួរព័ត៌មានបន្ថែម គឺអាចទាក់ទងមកលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹង ប.ស.ស. ផងដែរ។

សូមបញ្ជាក់ថា ឱកាសការងារទាំងនេះ ត្រូវបានផ្តល់ដោយក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ ហ្គូវ៉ាង ស្ទេត (ខេមបូឌា)ហ្វូតឯ.ក, ធនាគារ ABA (ខេត្តកំពត) ព្រមទាំងក្រុមហ៊ុន មង្គល អេចអ ដែលជាក្រុមហ៊ុនជ្រើសរើសទៅប្រទេសជប៉ុនផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com