សម្ដេចធិបតី មានប្រសាសន៍ថា ការរៀបចំពិព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណាសារដ្ឋានជាតិ គឺជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងយូរលង់របស់កម្ពុជា និងបារាំង។ តាមស្មារតីស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ ដែលមិនអាចមើលរំលងនូវតួនាទីដែលមិនអាចខ្វះបានរបស់ប្រទេសបារាំងទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។ ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងមានបញ្ហាជម្លោះជាមួយប្រទេសជិតខាង គឺឯកសារបណ្ណសារប្រវត្តិសាស្ត្រពីសន្ធិសញ្ញាផ្លូវការ និងផែនទីដែលបានចងក្រង និងរក្សាទុកដោយភាគីបារាំងនេះហើយ ដែលជាអាវក្រោះការពារតាមផ្លូវច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុត ក្នុងការអះអាង និងការការពារទឹកដី អធិបតេយ្យ និងខ្សែព្រំដែនស្របច្បាប់របស់កម្ពុជា។»
សម្ដេចធិបតីបន្ដថា បច្ចុប្បន្ន បណ្ណសារដ្ឋានជាតិ បានក្លាយជាទីតាំងបេតិកភណ្ឌជាតិ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអត្តសញ្ញាណជាតិ អធិបតេយ្យ និងបូរណភាពទឹកដីដែលជាទីតាំងតម្កល់ឯកសារប្រវត្តិសាស្ត្រ ផែនទី សន្ធិសញ្ញា និងកំណត់ត្រាផ្លូវការ ដែលមានប្រភពច្បាស់លាស់ បានធ្វើឱ្យកន្លែងនេះក្លាយជាប្រភពភស្តុតាងដើម្បីគាំទ្រដល់ការសិក្សា ការកំណត់ជំហរផ្លូវការ និងការការពារផលប្រយោជន៍ជាតិ។
ទន្ទឹមនឹងនេះ សម្ដេចធិបតី បានរំលឹកថា កម្ពុជាមានប្រពៃណីកត់ត្រា និងថែរក្សាទុកឯកសារតាំងពីយូរណាស់មកហើយ ពោលគឺតាំងពីមុនសម័យអង្គរ ហើយបុព្វបុរសខ្មែរបន្តកេរមរតកដ៏មានតម្លៃនេះរហូតមក។ តាមរយៈភស្តុតាងនៅសម័យមុនអង្គរ និងអង្គរ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរសម័យបុរាណមានប្រពៃណីកត់ត្រាទុកលើសម្ភារច្រើនប្រភេទ ដូចជាស្លឹករឹត ក្រាំង ផ្នត់ ដែលជាក្រាំងធ្វើពីក្រដាសក្រាស់ ស្បែកសត្វ ថ្ម និងលោហៈ ជាដើម៕