ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ មូលហេតុ ការខិតខំដោះស្រាយ និងផែនការកែទម្រង់ ជុំវិញការងារកែតម្រូវទិន្នន័យជូនពលរដ្ឋ
ថ្ងៃទី ៖ 28-10-2026, ដោយ​​ Dara007 , 41 Views
                     
ភ្នំពេញៈ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីជូនព័ត៌មានជាផ្លូវការជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាប ជុំវិញការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈម និងការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋានដែលធ្លាប់មានកំហុសឆ្គង ឬភាពមិនប្រក្រតីនាពេលកន្លងមក។ ការចេញសេចក្តីជូនព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនបានលើកឡើងពីបញ្ហាប្រឈមពាក់ព័ន្ធនឹងកំហុសទិន្នន័យលើឯកសារអត្តសញ្ញាណផ្សេងៗនៅលើបណ្តាញសង្គម។

ឆ្លើយតបទៅនឹងកង្វល់ទាំងនេះ អគ្គនាយកដ្ឋានបានបញ្ជាក់ថា ការងារចុះបញ្ជីអត្រានុកូលដ្ឋានក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុវត្តតាមគំរូឯកភាពទូទាំងប្រទេសចាប់តាំងពីខែសីហា ឆ្នាំ២០០២ មកម្ល៉េះ។ ដោយសារការចុះបញ្ជីនាពេលនោះត្រូវបានធ្វើឡើងដោយដៃចូលក្នុងសៀវភៅអត្រានុកូលដ្ឋានភ្លោះ ទើបបណ្តាលឱ្យមានកំហុសទិន្នន័យមួយចំនួនកើតឡើង ជាពិសេសនៅក្នុងអំឡុងពេលយុទ្ធនាការចុះបញ្ជីចល័តពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦។ ផ្អែកតាមការអង្កេតក្នុងឆ្នាំ២០១៤ បានបង្ហាញថា ឯកសារអត្តសញ្ញាណរបស់ប្រជាពលរដ្ឋប្រមាណ ១/៣ មានទិន្នន័យខុសគ្នារវាងសំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏រ៉ាំរ៉ៃនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ស្តីពីអត្រានុកូលដ្ឋាន (២០១៧-២០២៦) ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាច្រើនទៀត។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអភិវឌ្ឍប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានជាលក្ខណៈឌីជីថល (Civil Registration System) ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវា កែតម្រូវទិន្នន័យ និងផ្តល់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) ជូនពលរដ្ឋគ្រប់រូប។ ជាលទ្ធផលជាក់ស្តែង មកទល់បច្ចុប្បន្ន អគ្គនាយកដ្ឋានបានសម្រេចកែតម្រូវទិន្នន័យជូនប្រជាពលរដ្ឋបានចំនួន ១៧៩.០០២នាក់ រួចរាល់ហើយ និងកំពុងបន្តពិនិត្យស្រាវជ្រាវដោះស្រាយលើករណីស្មុគស្មាញផ្សេងទៀតស្របតាមច្បាប់។

ទន្ទឹមនឹងលទ្ធផលសម្រេចបាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាននិងកំពុងត្រៀមផែនការរៀបចំដំឡើង និងពង្រីកប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានតាមបែបឌីជីថលនេះឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ តាមផែនការដែលបានកំណត់ អគ្គនាយកដ្ឋាននឹងដាក់ឱ្យដំណើរការប្រព័ន្ធនេះនៅទូទាំងរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២៧ ហើយនឹងបន្តពង្រីកការអនុវត្តនៅតាមបណ្តាខេត្តទាំងអស់ទូទាំងប្រទេស នៅក្នុងអំឡុងឆមាសទី២ នៃឆ្នាំ២០២៧ ខាងមុខនេះ ដើម្បីធានាថាការផ្តល់សេវាជូនពលរដ្ឋកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស។

នៅក្នុងដំណាក់កាលដែលប្រព័ន្ធថ្មីនេះមិនទាន់បានដាក់ឱ្យដំណើរការទូទាំងប្រទេស អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកទឹកចិត្តយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្លាប់បានចុះបញ្ជីរួច សូមមេត្តាធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវរាល់ឯកសារអត្តសញ្ញាណរបស់ខ្លួនឱ្យបានត្រឹមត្រូវមុននឹងយកទៅប្រើប្រាស់។

ក្នុងករណីពិនិត្យឃើញមានកំហុសឆ្គង ឬភាពមិនប្រក្រតីនៃទិន្នន័យ បងប្អូនអាចដាក់ពាក្យស្នើសុំកែតម្រូវទិន្នន័យ នៅតាមរដ្ឋបាលឃុំ-សង្កាត់ នៃទីតាំងដែលបានចុះបញ្ជី ឬនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងនៅនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ប្រសិនបើបងប្អូនមានមន្ទិលសង្ស័យ ឬត្រូវការព័ត៌មានបន្ថែមជុំវិញនីតិវិធីនៃការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន អាចទំនាក់ទំនងសាកសួរដោយផ្ទាល់បានតាមរយៈក្រុមការងារប្រតិបត្តិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តាមប្រព័ន្ធទូរសព្ទលេខ ១២៧១។

ក្រៅពីនេះ បងប្អូនក៏អាចទាក់ទងទៅកាន់នាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយផ្ទាល់តាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ ០៩៦ ៨២៨ ៩២១៤ ឬ ០១២ ៤៥៨ ៤០០ ដើម្បីទទួលបានការសម្របសម្រួល និងដោះស្រាយជូនបានទាន់ពេលវេលា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com