ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា វិស័យសង្គមកិច្ច គឺជាវិស័យអាទិភាពធំដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ចាប់តាំងពីកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលក្រោមនយោបាយ ឈ្នះ ឈ្នះ ក្នុងឆ្នាំ១៩៩៨ ដែលជាវិស័យទទួលការចំណាយថវិកាធំរបស់ជាតិសូម្បីតែវិស័យការពារជាតិក៏ចំណាយមិនដល់វិស័យសង្គមកិច្ចនេះដែរ។ សម្ដេចធិបតីមានប្រសាសន៍បន្ដថា វិស័យអប់រំ និងសុខាភិបាល ដែលហៅថា សង្គមកិច្ចនោះ គឺក្នុងរយៈពេល៤ឆ្នាំនេះ ការចំណាយថវិកាមានការកើនឡើងខ្លាំង។
សម្ដេចធិបតីសូមបញ្ជាក់ម្ដងទៀត ព្រោះធ្លាប់មានការយល់ច្រឡំថារាជរដ្ឋាភិបាលកាត់លុយពីវិស័យអប់រំ និងសុខាភិបាលយកទៅឱ្យវិស័យការពារជាតិ។ អត់ទេ! ផ្ទុយទៅវិញ ការចរចាថវិកាយើងបានចប់ថ្មីៗនេះ យើងឃើញថវិកាឡើង។ វិស័យការពារជាតិ ក៏មានកើនពិតមែន តាមតម្រូវការចាំបាច់ ប៉ុន្តែមិនបានថយនូវវិស័យអប់រំ និងសុខាភិបាលនោះទេ។ទាំងថវិកាទៅក្រសួង ព្រោះថវិកាវិស័យសង្គមកិច្ចមិនមែនមានតែថវិកាទៅក្រសួងសុខាភិបាល និងអប់រំនោះទេ»។
សម្ដេចធិបតី បានសង្កត់ធ្ងន់ថា ការអប់រំមានការបណ្ដុះបណ្ដាលទាំងក្រសួងការងារក៏ធ្វើ និងបណ្ដាក្រសួងនានានៅតែបន្តអនុវត្តដដែល ប៉ុន្តែវិស័យសង្គមកិច្ចនៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ៕