ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
សម្តេចធិបតី ៖ សាលារដ្ឋបង្រៀនបន្ថែមក្នុង១ថ្ងៃ៦ម៉ោង
ថ្ងៃទី ៖ 28-10-2026, ដោយ​​ Dara007 , 47 Views
                     
ភ្នំពេញៈ សម្តេចធិបតី ប្រកាសឱ្យ​សាលារដ្ឋបង្រៀនបន្ថែមក្នុង១ថ្ងៃ៦ម៉ោង ដើម្បីបើកឱកាសឱ្យសិស្សរៀនបានច្រើន និងទប់ស្កាត់ពេលវេលាសិស្សដើរខុសផ្លូវ ។ ការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល​ជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នៅ​ថ្ងៃទី២៨ខែតុលា ឆ្នាំ២០២៦។

សម្តេចធិបតី បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡាត្រូវគិតគូរបន្ថែមម៉ោងសិក្សារបស់សិស្សពី៤ម៉ោងទៅដល់៦ម៉ោងវិញ  គឺផ្ដោតលើអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ។

សម្តេចធិបតី គូសបញ្ជាក់ថា ការបន្ថែម៦ម៉ោងនេះ គឺការស្ទង់មតិដោយផ្ទាល់ជាមួយគ្រូបង្រៀន ដោយទទួលបានការគាំទ្រ ដើម្បីបើកឱកាសឱ្យសិស្សរៀនបានច្រើន និងទប់ស្កាត់ពេលវេលាសិស្សដើរខុសផ្លូវ ។ ជាពិសេស បង្កើនម៉ោងហាត់សម្រាប់សិស្សយើងអាចប្រគួតប្រជែងជាមួយប្រទេសជិតខាងផងដែរ។

សម្តេចធិបតីបន្ដ​ថា រាជរដ្ឋាភិបាលនឹងសិក្សា​ដាក់ចេញ​នូវផែនការ, យុទ្ធសាស្រ្ត និងវិធានការគោលនយោបាយ ដែលមានលក្ខណៈប្រាកដនិយម សម្រាប់ជំរុញការកសាង និងពូនជ្រំមូលធនមនុស្សកម្ពុជា ស្របតាមការរីកចម្រើនយ៉ាង​ឆាប់​រហ័សនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្នុង «យុគមាស» នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែល​កម្ពុជា ដៃម្ខាង ត្រូវប្រឹងប្រែងកសាងមូលដ្ឋានឧស្សាហកម្មរបស់ខ្លួន ដោយឈរលើ​ធន​ធានដែលមានស្រាប់ និងដៃម្ខាងទៀត ត្រូវពុះពារអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីឈោង​ចាប់យក​តម្លៃបន្ថែមកាន់តែខ្ពស់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ពីក្នុងស្រុក ទៅកាន់តំបន់ និងសកល​លោក។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានកោតសរសើរក្រសួងអប់រំ ដែលបានដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្រ្ត និង កម្មវិធីកែទម្រង់ ដើម្បីលើកកម្ពស់គុណភាព និង សមត្ថភាពអប់រំនៅគ្រប់កម្រិត, ធ្វើទំនើបកម្មមូលដ្ឋានសម្ភារៈបច្ចេកទេស, និង ពង្រឹងប្រសិទ្ធភាពការប្រើប្រាស់ បច្ចេកវិទ្យាទំនើប ដើម្បីអភិវឌ្ឍធនធានមនុស្ស ស្របតាមតម្រូវការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិរយៈពេលវែង ក្នុងបរិការណ៍ពហុវិបត្តិ, ជាពិសេស ក្នុងស្ថានភាពដែលកម្ពុជាត្រូវប្រឹងរស់ ប្រឹងងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យ និង សន្តិភាពរបស់ប្រទេសផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com