ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានមានប្រសាសន៍ថា យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ កម្ពុជាមានអង្គភាពសេដ្ឋកិច្ច MSMEs សរុបចំនួន ៧៥ម៉ឺន ដែលប្រើប្រាស់កម្លាំងពលកម្មប្រមាណ ៣ លាននាក់ ក្នុងនោះស្រ្តីមានប្រមាណ១.៨លាននាក់។ លទ្ធផលនេះបានបង្ហាញថា MSMEs បានរួមចំណែកប្រមាណ ៦៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារលើសពី ៧០ភាគរយ (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)។
សម្តេចធិបតីគូសបញ្ជាក់ថា ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដោយក្នុងនោះ បញ្ចកោណទី៣ ផ្តោតលើ «ការអភិវឌ្ឍវិស័យឯកជន និងការងារ» បានចាត់ទុកការលើកកម្ពស់បរិយាកាសធុរកិច្ច និងការពង្រឹងសមត្ថភាព MSMEs ជាអាទិភាពស្នូល។ គោលដៅនេះ គឺធ្វើយ៉ាងណាឱ្យសហគ្រាសក្នុងស្រុកមានផលិតភាពខ្ពស់ជាងមុន ប្រើបច្ចេកវិទ្យាប្រសើរជាងមុន ផលិតបានតាមស្តង់ដា មានលទ្ធភាពទទួលបានហិរញ្ញប្បទាន និងជំនាញបច្ចេកទេស និងអាចឈានចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងទីផ្សារដែលមានតម្លៃបន្ថែមខ្ពស់ ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមាន ការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ ខាងមុខ។
បន្ថែមពីនេះសម្តេចបវរធិបតី បន្ថែមថា កាលពីដើមអាណត្តិ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨- ដើម្បីបើកផ្លូវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំង អ្នកប្រកបរបរ និងអាជីវកម្មធុនមីក្រូ និងតូចនៅក្រៅប្រព័ន្ធ អាចទទួលបានការគាំទ្រកាន់តែទូលំទូលាយ ស្របតាមគោលការណ៍ «មិនទុកនរណាម្នាក់ចោល»។
ជាមួយគ្នានេះ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី (ឬ ហៅថា Startup) ឆ្នាំ២០២៦-២០៣០ ក៏ទើបតែត្រូវបានដាក់ឱ្យអនុវត្តថ្មីៗនេះ ដើម្បីជំរុញនុវានុវត្តន៍ ការច្នៃប្រឌិត ក្នុងការបង្កើតគំរូអាជីវកម្មថ្មី ផ្អែកលើបច្ចេកវិទ្យា សំដៅផ្តល់ឱកាសដល់យុវជនកម្ពុជា កាន់តែមានលទ្ធភាពចូលរួមក្នុងការធ្វើធុរកិច្ច និងសហគ្រិនភាព។ ដោយឡែក «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ដែលប្រកាសដាក់ឱ្យអនុវត្តក្នុងថ្ងៃនេះ គឺជាជំហានបន្ទាប់ ក្នុងការតភ្ជាប់គោលនយោបាយ និងយន្តការគាំទ្រនានា ឱ្យកាន់តែប្រទាក់ក្រឡា គ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់សហគ្រាស៕