យោងតាមសារឆ្លើយតបរបស់សម្ដេចធិបតី នៅថ្ងៃទី២១ ខែតុលាឆ្នាំ២០២៦ បានសូមស្វាគមន៍ការឆ្លើយតបជាវិជ្ជមាន របស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញអំណះអំណាងរបស់លោក ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលថាបានកាត់ដីឲ្យថៃនៅកន្លែងនោះ។
សម្ដេចធិបតីគូសបញ្ជាក់ថា ក្នុងរយៈពេលជិត ២សប្តាហ៍កន្លងមកនេះ ជំហររបស់លោក អ៊ុំ សំអាន មានការប្រែប្រួលមិនឈប់ឈរ ÷ ម្តងគាត់ថាមិនហ៊ានមកព្រោះខ្លាចគេលួចបាញ់ឬវ៉ៃបែកក្បាល, ម្តងគាត់ថាមកទាល់តែមានការលើកលែងទោស, ឥឡូវគាត់ថាមកដោយមិនបាច់មានការលើកលែងទោស, ម្តងគាត់ថាមានឯកសានិងភស្តុតាងគ្រប់គ្រាន់, ម្តងគាត់ថាអត់មានឯកសារអ្វីច្បាស់លាស់ទេ លឺតែគេថា ឬដឹងតាមញាណពិសេសរបស់គាត់, ម្តងគាត់ថាទាល់តែមានជំនាញព្រំដែនបារាំងមកទើបគាត់ទទួលស្គាល់លទ្ធផលនៃការជជែកគ្នា, ម្តងគាត់ថាអត់និយាយរឿងព្រំដែនចន្លោះបង្គោល៥២-៥៩ ទេ គាត់ត្រូវនិយាយអំពីព្រំដែនទាំងមូល ទាំងព្រំដែនទឹក ទាំងព្រំដែនគោក, ម្តងគាត់ថាគាត់ជាអ្នកនយោបាយគាត់ត្រូវមកនិយាយ(ឬធ្វើ)កិច្ចការនយោបាយ ។ល។
ជំហររបស់សម្ដេចធិបតីគឺច្បាស់លាស់និងមិនប្រែប្រួល ដូចបញ្ជាក់តាំងពីដំបូងរហូតមក គឺអញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ជាពិសេសកន្លែងដែលគាត់ចោទប្រកាន់រាជរដ្ឋាភិបាលនិងក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាលថាបានបោះបង្គោលចូលក្នុងដីខ្មែរ ធ្វើឲ្យខ្មែរបាត់បង់ទឹកដីទៅថៃ។
ហេតុដូច្នេះ ដើម្បីអោយមានភាពច្បាស់លាស់ សម្ដេចធិបតីសូមបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែក ផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ ÷ ១. ត្រូវជជែកគ្នាលើប្រធានបទតែមួយគត់ គឺមកជជែក និងផ្ទៀងផ្ទាត់គ្នាដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់ ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ ដែលលោកនិងក្រុមលោកបានចោទរាជរដ្ឋាភិបាលថាបានកាត់ដីឲ្យថៃ។ ហេតុដូច្នេះលោក និងក្រុមរបស់លោកត្រូវ÷ - រៀបចំក្រុមជំនាញព្រំដែនច្បាស់លាស់ដែលអាចយល់ដឹងពីបច្ចេកទេសព្រំដែន, - ត្រៀមរាល់ឯកសារ ភស្តុតាងទាំងឡាយណាដែលលោកមានដើម្បី មកផ្ទៀងផ្ទាត់គ្នានៅក្នុងទឹកដីកម្ពុជានៅកន្លែងនេះដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់។ ២. មិនត្រូវ ធ្វើសកម្មភាពអ្វីក្រៅពីការជជែក និងផ្ទៀងផ្ទាត់គ្នាដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់ ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ នោះទេ ជាពិសេសមិនត្រូវធ្វើសកម្មភាពនយោបាយតាមគ្រប់រូបភាព (មិនថាសម្ងាត់ឬចំហរនោះទេ) ក្នុងអំឡុងពេលក្រុមការងាររបស់លោកនៅកម្ពុជា។ និយាយអោយខ្លី គឺកុំធ្វើជាត្រីងៀត ឆ្លៀតពង។ ៣. កិច្ចពិភាក្សាអាចធ្វើក្រោយថ្ងៃ ២៨ វិច្ឆិកា ២០២៦ ពេលណាក៏បាន ដោយសារមុនថ្ងៃ ២៨ វិច្ឆិកា រាជរដ្ឋាភិបាលជាប់រវល់រៀបចំកិច្ចប្រជុំកំពូល OIF Summit ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ និងចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ។ ៤. ត្រូវមកដល់កម្ពុជាមិនច្រើនជាង ២ថ្ងៃ មុនចាប់ផ្តើមជជែកផ្ទៀងផ្ទាត់គ្នា និងត្រូវចាកចេញពីប្រទេសកម្ពុជាយ៉ាងយូរ ២ថ្ងៃ ក្រោយការជជែកផ្ទៀងផ្ទាត់គ្នារួចរាល់។ ** ខ្ញុំសូមបញ្ជាក់ថាការធានារបស់ខ្ញុំ គឺពាក់ព័ន្ធនឹងការមកកម្ពុជាដើម្បីជជែកនិងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ តែប៉ុណ្ណោះ និងក្នុងរង្វង់ពេលវេលាដែលបានកំណត់ដូចបានបញ្ជាក់ខាងលើ។ ** ករណីលោក អ៊ុំ សំអាន ទទួលយកបាននូវលក្ខខណ្ឌខាងលើសូមលោកបញ្ជាក់ ÷ ១. សមាសភាពដែលត្រូវចូលរួម និងពេលវេលាដែលត្រូវមកដល់កម្ពុជា ២. តម្រូវការអ្វីខ្លះដែលរាជរដ្ឋាភិបាលអាចផ្ដល់ឲ្យលោក និង ក្រុមរបស់លោក (កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរ ឬការការពារសន្តិសុខ) ដើម្បីយើងរៀបចំអោយបានសមរម្យ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់លោក អ៊ុំ សំអាន បានឱ្យដឹងថា លោកនឹងបញ្ជូនគណៈប្រតិភូ ដែល តំណាងអោយខ្ញុំទៅកាន់ប្រទេសកម្ពុជានាខែក្រោយនេះតាមការអញ្ជើញរបស់លោក ហ៊ុន ម៉ាណែត។ លោកនឹងធ្វើលិខិតជាផ្លូវការដើម្បីជាការឆ្លើយតបចំពោះការអញ្ជើញរបស់លោក ហ៊ុន ម៉ាណែត ហើយខ្ញុំនឹងបញ្ជូនឈ្មោះគណៈប្រតិភូទៅលោក ហ៊ុន ម៉ាណែត នៅមុនចុងខែតុលា នេះ។ សូមបងប្អូនខ្មែរដែលស្នេហាជាតិចាំទទួលស្វាគមន៍គណៈប្រតិភូយើងផង»។
លោក អ៊ុំ សំអាន បានបន្ថែមថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា លោកសង្ឃឹមថា រូបលោក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អាចប្រើវប្បធម៌សន្ទនាថ្មីជំនួសវប្បធម៌ សន្ទនា រវាងលោក សម រង្សុី និងសម្តេចតេជោ ហ៊ុន សែន ក្នុងស្មារតីផ្សះផ្សារជាតិ ឯកភាពជាតិ បង្រួបបង្រួមជាតិនិងការការពារទឹកដីពីការឈ្លានពានរបស់ថៃ។
លោក អ៊ុំ សំអាន ថែមទាំងលើកឡើងទៀតថា ជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមិនយករឿងគំនុំបុគ្គល ឬបញ្ហាផ្ទាល់ខ្លួនមកលាយឡំនឹងបញ្ហាប្រទេសជាតិនោះទេ ហើយក៏មិនចាត់ទុកខ្មែរគ្នាឯងជាសត្រូវនោះដែរ។ សត្រូវរបស់ខ្មែរពិតប្រាកដនាពេលនេះ គឺការឈ្លាន ពានពីសំណាក់ប្រទេសជិតខាង ដែលខ្មែរត្រូវរួបរួមគ្នាដើម្បីដោះស្រាយ និងទាមទារទឹកដីខ្មែរចំនួន៨៥ទីតាំងពីថៃមកវិញ៕