ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ៖ កម្ពុជាបានដើរតួនាទីយ៉ាងសកម្មនៅក្នុងតំបន់អាស៊ាន
ថ្ងៃទី ៖ 21-10-2026, ដោយ​​ Dara007 , 80 Views
                     
ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ថ្លែងថា កម្ពុជាបានដើរតួនាទីយ៉ាងសកម្មនៅក្នុងតំបន់អាស៊ានហើយសម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់មួយក្នុងការកសាងសន្តិភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការជំរុញនូវសន្តិភាពនៅក្នុងតំបន់ និងពិភពលោកផងដែរ។

ប្រាប់អ្នកសារព័ត៌មានក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា លោក Gordan Grlić Radman បានលើកឡើងថា សម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់មួយក្នុងការកសាងសន្តិភាពនៅក្នុងប្រទេសកម្ពុជាក៏ដូចជាការជំរុញនូវសន្តិភាពនៅក្នុងតំបន់ និងពិភពលោកផងដែរ។

លោកក៏បានលើកឡើងថា កម្ពុជាគឺជាដៃគូដ៏មានសារៈសំខាន់របស់ក្រូអាស៊ី ហើយកម្ពុជាបានដើរតួនាទីយ៉ាងសកម្មនៅក្នុងតំបន់អាស៊ាន បន្ថែមពីលើនេះលោករដ្ឋមន្ត្រីបានរាយការណ៍ជូនសម្ដេចតេជោអំពីជំនួបរបស់លោកជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជំនួបជាមួយនឹងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពីផ្លែផ្កាដែលប្រទេសទាំងពីរបានរួមគ្នានៅក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ីឲ្យកាន់តែរីកចម្រើន ហើយជាពិសេសក៏បានចុះហត្ថលេខាចំនួន២ នៅពេលដែលបានជួបជាមួយនឹង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដើម្បីពង្រឹងទៅលើផ្នែកពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ចរួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស រវាងប្រទេសទាំងពីរ ជាពិសេសគឺការបណ្ដុះបណ្ដាលអ្នកការទូតតែម្ដង។

សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ីចំពោះទំនាក់ទំនងរវាងកម្ពុជានិងក្រូអាស៊ី ហើយសម្ដេចក៏គាំទ្រចំពោះការចុះហត្ថលេខា ក្នុងការពង្រឹងនូវទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឲ្យកាន់តែរីកចម្រើន ពោលគឺផ្ដោតទៅលើការពង្រឹងនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ រវាងប្រទេសទាំងពីរ រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងវិស័យការទូត។

សម្ដេចតេជោក៏បានលើកឡើងបន្ថែមទៀត ដោយជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរបង្កើតនូវកិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀត ហើយអាចនឹងមានការពិចារណាក្នុងការចុះកិច្ចព្រមព្រៀងជាមួយគ្នានៅពេលខាងមុខ ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ រួមទាំងកិច្ចព្រមព្រៀងការមិនយកពន្ធត្រួតស៊ីគ្នាជាដើម។

សម្ដេចតេជោជំរុញឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ គួរពិចារណានៅពេលខាងមុខ ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើននៅក្នុងទំនាក់ទំនងគ្រប់វិស័យ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com