ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
នាយករដ្ឋមន្ត្រីកម្ពុជាជម្រាបជូន នាយករដ្ឋមន្ត្រីនិយមវៀតណាម អំពីការវិវត្តថ្មីៗនៃស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជា និងថៃ
ថ្ងៃទី ៖ 10-10-2026, ដោយ​​ Dara007 , 52 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជម្រាបជូន លោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អំពីការវិវត្តថ្មីៗនៃស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ព្រមទាំងបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្ត និងជំហរដ៏រឹងមាំរបស់កម្ពុជាក្នុងការប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

ក្នុងឱកាសនៃជំនួបពិភាក្សាការងារទ្វេភាគីនៅវិមានសន្តិភាព នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងច្បាស់ថា ជំហរឥតងាករេរបស់កម្ពុជា គឺដោះស្រាយរាល់បញ្ហាព្រំដែនដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ក្រៅពីការលើកឡើងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា-វៀតណាម ទាំងពីររូប ក៏បានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងបានឯកភាពគ្នាជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត ទាំងលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសរវាងបណ្តាខេត្តជាប់ព្រំដែន។

ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានគូសបញ្ជាក់ថា ឆ្នាំ២០២៧ ខាងមុខ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ព្រមទាំងជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម» ដោយបានឯកភាពជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងយុវជននៃប្រទេសទាំងពីរ រួមគ្នារៀបចំព្រឹត្តិការណ៍នានាឱ្យបានផុលផុស ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ។

បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគី សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឡេ មិញហ៊ឹង ក៏បានអញ្ជើញធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់រួមគ្នាក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន ៦ រវាងប្រទេសទាំងពីរ មុននឹងបន្តអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក «វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦» នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នាល្ងាចថ្ងៃដដែលនោះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com