និស្សិត ជ័យលាភី ទាំង២.០០១អង្គ/នាក់នេះ មាន (នារី ១.២៥១នាក់) ទាំងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបរិញ្ញាបត្រ។ វត្តមានដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសនេះ ជាសក្ខីភាពដ៏ប្រត្យក្ស នូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ផ្ទាល់ ក៏ដូចជាពីសំណាក់រាជរដ្ឋាភិបាល ចំពោះការសិក្សាអប់រំស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍មូលធនមនុស្ស នៅក្នុងសតវត្សទី២១នេះ ដែលជាធនធានគន្លឹះ មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យរីកចម្រើនដូចអារ្យប្រទេសនានា ទាំងពេលបច្ចុប្បន្ន និងអនាគត។
សូមបញ្ជាក់ថា និស្សិតជ័យលាភីនេះ គឺទទួលបានការសិក្សារៀនសូត្រ និងការបណ្តុះបណ្តាលត្រឹមត្រូវទៅតាមស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា ដែលធ្វើឱ្យនិស្សិតមានគុណភាព និង ទទួលបានការងារធ្វើ ជាក់ស្តែង ដោយក្នុងចំណោមនិស្សិតកម្រិតបរិញ្ញាបត្រចំនួន ១.៨៧៩នាក់ មានការងារធ្វើ ចំនួន ១.២០១នាក់ ស្មើនឹង ៧៦% ក្នុងនោះ ៧% មានគំនិតច្នៃផលិតបង្កើតអាជីវកម្មខ្លួនឯង ជាសហគ្រិនភាព។
ឯនិស្សិតផ្សេងទៀត ក៏បានយកចំណេះដឹង និងជំនាញដែលមាន ទៅចូលរួមធ្វើការជាមួយក្រុមគ្រួសារ ធ្វើឱ្យផលិតភាពការងារកើនឡើង ទាំងក្នុងការដាំដុះ ការចិញ្ចឹមសត្វ និងអាជីវកម្មជួញដូររបស់ខ្លួនផងដែរ។ ចំណែកនិស្សិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១២២នាក់ មានការងាធ្វើគ្រប់ៗគ្នា និងកំពុងទទួលផលល្អប្រសើរ ពីការងារជាបន្តបន្ទាប់៕