ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
សម្ដេចធិបតី ប្រកាសមិនអនុញ្ញាឱ្យមានការដាំកញ្ឆានៅក្នុងប្រទេសកម្ពុជា
ថ្ងៃទី ៖ 07-10-2026, ដោយ​​ Dara007 , 13 Views
                     
ភ្នំពេញៈ សម្ដេចធិបតី បានប្រកាសមិនអនុញ្ញាឱ្យមានការដាំកញ្ឆានៅក្នុងប្រទេសកម្ពុជា នោះឡើយ ខណៈនាពេលកន្លងមកមានក្រុមហ៊ុនបរទេសមួយចំនួនបានស្នើសុំវិនិយោគដាំរុក្ខជាតិកញ្ឆា។

ថ្លែងក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា តាំងពីមុនឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី គឺសម្តេចបានប្រឆាំងយ៉ាងដាច់ណាត់មិនឱ្យមានការដាំកញ្ឆានៅក្នុងប្រទេសកម្ពុជាឡើយ។ ការចេញមកបង្ហើប និងបញ្ជាក់ជំហរបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេច​ និងលោកជំទាវបណ្ឌិត​​​ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ បានអញ្ជើញជាអធិបតី ដើម្បីអបអរសាទរវឌ្ឍនភាពលើវិស័យសុខាភិបាលរហូតដល់ទៅ៣ រួមមានការអបអរសាទរខួប៨០ ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី​ នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦នេះ។

សម្តេចធិបតីបានឱ្យដឹងថា មានការបញ្ចុះបញ្ចូលមួយចំនួន នៅពេលដែលឃើញប្រទេសថៃ អនុញ្ញាតឱ្យមានការដាំដើមកញ្ឆានេះ​ ដើម្បីបម្រើក្នុងគោលដំណងប្រើឱ្យផ្នែកវេជ្ជសាស្ត្រ និងវិស័យសុខាភិបាល ដែលជួយបំបាត់ការឈឺចាប់របស់អ្នកជំងឺជាដើម។

ការដំណាំកញ្ឆានេះ គឺគ្មានផ្ដល់ផលចំណេញដល់ជាតិឡើយ។ ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ បានលើកឡើងថា នៅតាមបណ្តាប្រទេសមួយចំនួន គឺបានដាំ និងប្រើប្រាស់រុក្ខជាតិកញ្ឆានេះ នៅក្នុងវិស័យវេជ្ជសាស្ត្រ។ ត្រង់ចំណុចនេះក៏មានក្រុមហ៊ុនបរទេសមួយចំនួនបានស្នើសុំវិនិយោគដាំរុក្ខជាតិកញ្ឆានៅលើទឹកដីរបស់កម្ពុជា ប៉ុន្តែ សុំស្នើនេះមិនទទួលបានការអនុញ្ញាតនោះទេ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចោទជាសំណួរថា បើដាំកញ្ឆានៅកម្ពុជា ច្បាស់ណាស់ប្រជាជននឹងជក់កញ្ឆា។ ដូច្នេះ​រាល់ការស្នើសុំរុក្ខជាតិកញ្ឆានៅកម្ពុជា សម្តេចតែងតែចេញមកបដិសេធ។ ចំពោះបញ្ហាដែលបង្កឡើងដោយសាររុក្ខជាតិកញ្ឆានេះ តាមការព្យាការណ៍ទុក្ខរបស់សម្តេច គឺនៅប្រទេសថៃ បានជួបបញ្ហាលើការគ្រប់គ្រងសកម្មភាពចរាចរណ៍កញ្ឆា និងការប្រើប្រាស់របស់ប្រជាជននៅក្នុងប្រទេស​ ដែលខុសពីគោលដំណងដើម ដែលដាំសម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេស។

កញ្ឆា គឺជារុក្ខជាតិ​មួយ​ប្រភេទ មាន​ដើមកំណើត​ក្នុង​ទ្វីបអាស៊ី​ត្រជាក់​មធ្យម ហើយ​ត្រូវបាន​គេ​យកមក​ដាំ​ស្ទើរ​គ្រប់​ប្រទេស​។ នៅ​ឥណ្ឌូចិន ប្រទេស​ដែល​ដាំរុក្ខជាតិ​នេះច្រើនជាងគេ គឺ​​​ប្រទេសឡាវ និង​វៀតណាម ដែល​ភាគច្រើន​ដាំ​នៅលើ​ភ្នំ​។

​កញ្ឆា​នេះ គឺជា​ប្រភេទ​រុក្ខជាតិ​ដែលមាន​ជាតិ​ស្រវឹង នៅ​ដើម​ទាំងមូល ប៉ុន្តែ​នៅ​ចុង​ធាង​ផ្កា​មាន​ជាតិ​ស្រវឹង​ខ្លាំង​ជាង​។ គេ​តែងតែ​យក​ស្លឹក​មក​ហាន់ ហើយ​ហាល​ឱ្យស្ងួត លាយ​ជាមួយ​ស្លឹក​ថ្នាំជក់។ ពេល​ជក់​ដំបូង កញ្ឆា​ធ្វើឱ្យមានការ​សប្បាយចិត្ត តែបើ​ជក់​ច្រើន ការសប្បាយ​ចិត្ត​នោះ​បាត់​ទៅវិញ ហើយអ្នកខ្លះ​ឈានដល់​ទ្រហោយំ​វិញ ​ក៏មានដែរ​៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com