វត្តមាន ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត នាឱកាសនេះ គឺជា សក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ និងការផ្តល់អាទិភាពខ្ពស់ដល់វិស័យសុខាភិបាល ព្រមទាំងជាការលើកទឹកចិត្តខ្ពស់ ក្នុងការបន្តលើកកម្ពស់ការបម្រើសេវាថែទាំសុខភាព និងសុខុមាលភាព ជូន ប្រជាជន ឱ្យកាន់តែប្រសើរឡើងថែមទៀត។
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលត្រូវបានបង្កើតឡើងដោយក្រឹត្យលេខ ១០៣សន ចុះថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ១៩៤៦ ដោយមានឈ្មោះថា “សាលាមន្រ្តីសុខាភិបាល”។ បន្ទាប់មកបានប្តូរឈ្មោះជាបន្តបន្ទាប់ទៅជា “មហាវិទ្យាល័យវេជ្ជសាស្រ្តនិងវិទ្យាស្ថានទន្តវទនសាស្រ្ត” នៅចន្លោះឆ្នាំ ១៩៧១ រហូតដល់ឆ្នាំ ១៩៧៥។ ក្នុងរបប ប្រល័យពូជសាសន៍ប៉ុលពត មហាវិទ្យាល័យនេះត្រូវបានបោះបង់ចោលទាំងស្រុង។ ក្រោយថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ ១៩៧៩ មហាវិទ្យាល័យបានបើកទ្វារឡើងវិញ ដោយមានឈ្មោះថា មហាវិទ្យាល័យវេជ្ជសាស្រ្ត និងឱសថសាស្រ្ត នៅខែកុម្ភៈ ឆ្នាំ ១៩៨០ និងប្តូរឈ្មោះជាមហាវិទ្យាល័យចំរុះវេជ្ជសាស្រ្ត ឱសថសាស្រ្ត និង ទន្តសាស្រ្ត នៅ ចុងឆ្នាំ១៩៨០។ នៅឆ្នាំ ១៩៩៧ មហាវិទ្យាល័យនេះបានប្រែក្លាយជាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រោយពី មាន ការច្របាច់បញ្ចូល គ្នារវាងមហាវិទ្យាល័យចំរុះវេជ្ជសាស្រ្ត ឱសថសាស្រ្ត និង ទន្តសាស្រ្ត និងសាលា កម្មាភិបាល សុខាភិបាលមជ្ឈឹម។ ចាប់ពីខែធ្នូ ឆ្នាំ ២០០១ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យ សាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាលប្រែ ក្លាយ ជា គ្រឹះស្ថាន សាធារណៈ រដ្ឋបាល។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានសម្រេចកែសម្រួលរចនាសម្ព័ន្ធសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឡើងវិញ ដោយមាន ៩ អង្គភាព ថ្នាក់ស្មើនាយកដ្ឋាន ក្នុងនោះ មានមហាវិទ្យាល័យចំនួន ៦ មន្ទីរពេទ្យសាកលវិទ្យាល័យ ចំនួន ០១ មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាកល ចំនួន ០១ និងអង្គភាពកិច្ចការទូទៅ ចំនួន ០១។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៦នេះ ជាខួបទី៨០ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ក្រោយពីបានក្លាយជាគ្រឹះស្ថាន សាធារណៈ រដ្ឋបាល សាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល បាន ខិតខំ ប្រឹងប្រែងអភិវឌ្ឍឥតឈប់ឈរ ទាំងធនធានសាស្រ្តាចារ្យ គ្រូឧទេ្ទស អគារសិក្សា និងសម្ភារៈ បរិក្ខារសម្រាប់ការរៀន និងបង្រៀន។ ក្នុងអំឡុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាព នៃការរៀន និងបង្រៀនរបស់សាកលវិទ្យាល័យត្រូវបានអភិវឌ្ឍឈានឡើងជាបន្តបន្ទាប់ រួមមានជាអាទិ៍៖ ការជួសជុល កែលម្អ អគារមួយចំនួន សាងសង់ថ្មីបន្ថែមនូវអគារសិក្សាថ្មីចំនួន ៦អគារ ក្នុងនោះ អគារសិក្សាចំនួន០២ នឹងត្រូវសម្ពោធនៅថ្ងៃនេះ ព្រមទាំងកំពុងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ អាចផ្តល់សេវាសម្រាកព្យាបាល ចំនួន ២០០ គ្រែ ដែលគ្រោងនឹងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៧។ អគារសិក្សា ដែលត្រូវត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានចំនួន ០២ អគារ នៅទីតាំងទី១ ត្រូវបានប្រសិទ្ធនាមថា អគារតេជោធិបតី សន្តិភាព និងនៅទីតាំងទី២ ត្រូវបានប្រសិទ្ធនាមថា អគារ តេជោធិបតី អភិវឌ្ឍន៍ ដើម្បីជាការរំលឹកគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី ដែលមានគុណូបការៈនាំមកនូវសន្តិភាព និងភាពជឿនលឿនជូនប្រទេសជាតិ និងជាពិសេសបានដាក់ឱ្យមានយុទ្ធសាស្រ្ត “ស្លឹកត្នោតខ្ចប់ស្ករត្នោត” ដែលបានផ្តល់ភាពរីកចម្រើនយ៉ាងច្រើនដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មកដល់ពេលបច្ចុប្បន្ននេះ៕