កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានធ្វើការប្រគល់-ទទួល ជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ នួម ផានុន ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះ រិត ចាន់រ៉េតភេទប្រុស អាយុ១៩ឆ្នាំ ព្រមទាំងវត្ថុតាងអីវ៉ាន់ចម្រុះ(សម្ភារៈប្រើប្រាស់ប្រទេសថៃ) ពីលោកអនុសេនីយ៍ឯក វង្ស ចាន់ណា មន្រ្តីយោធាវរសេនាតូច៥១១ អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ប្រចាំការទិសសមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃពាក់ព័ន្ធករណីរត់ពន្ធទំនិញដោយខុសច្បាប់(ដឹកអីវ៉ាន់ចម្រុះ) ប្រព្រឹត្តកាលពីវេលា ម៉ោង១៩និង៤៥នាទី ថ្ងៃទី០២ ខែតុលា នៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ក្រោយទទួលបានជនសង្ស័យ និងវត្ថុតាងខាងលើ លោក វរសេនីយ៍ត្រី តាំង សុខហេង បានចាត់ឱ្យកម្លាំងជំនាញមូលដ្ឋានធ្វើការសួរនាំតាមនីតិវិធី ហើយជនសង្ស័យបានសារភាពថា ក្រុមខ្លួននិងបក្ខពួកបានធ្វើសកម្មភាពស៊ីឈ្នួលដឹកជញ្ជូនវត្ថុតាងខាងលើ ជាផលិតផលរបស់ប្រទេសថៃ ដឹកយកចេញពីស្រុកម៉ាឡៃ គោលដៅយកទៅក្រុងប៉ោយប៉ែត តាមការណែនាំរបស់ឈ្មោះ ចែ បូ (Je Bo) ភេទស្រី ជនជាតិខ្មែរ រស់នៅប្រទេសថៃ ទទួលបានកម្រៃឈ្នួលចំនួន៣០,០០០រៀល ក្នុង០១នាក់ ហើយបានធ្វើតេស្តទឹកនោមរបស់ជនសង្ស័យខាងលើ រកឃើញមានសារធាតុញៀនវិជ្ជមាន(+) ចំនួន០១នាក់ឈ្មោះ នួម ផានុន។
បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ នួម ផានុន(ង៉ា) បង្ហាញឱ្យឃើញតម្រុយបទល្មើស នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឃាត់បក្ខពួកចំនួន០១នាក់ទៀត ឈ្មោះ ឈិន សាវី ភេទប្រុស អាយុ៤៤ឆ្នាំ នៅចំណុចភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានឆ្លងអូរព្រំដែនចូលទៅក្នុងប្រទេសថៃ យកទំនិញចូលក្នុងភូមិសាស្រ្តស្រុកម៉ាឡៃពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។