ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
កម្មករ៖ បើទោះបីជាការដំឡើងប្រាក់ឈ្នួលឆ្នាំ២០២៧មិនច្រើនមែន ប៉ុន្តែប្រាក់ឈ្នួលនៅកម្ពុជាខ្ពស់ជាងបណ្តាប្រទេសផ្សេងៗ
ថ្ងៃទី ៖ 03-10-2026, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ កម្មករនិយោជិតនៅកម្ពុជាបានលើកឡើងថា បើទោះបីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ មិនមានចំនួនច្រើនក៏ដោយ ប៉ុន្តែពួកគាត់យល់ថា ប្រាក់ឈ្នួលដែលកម្មករទទួលបាននៅកម្ពុជានាពេលបច្ចុប្បន្ន មានកម្រិតសមរម្យ និងខ្ពស់ជាងប្រទេសមួយចំនួននៅក្នុងតំបន់។

លោក ឡេវ សំអាន ធ្វើការក្នុងរោងចក្រមួយនៅរាជធានីភ្នំពេញបានលើកឡើងថា ការកំណត់ប្រាក់ឈ្នួលមិនគួរមើលតែ ចំនួនប្រាក់ដែលត្រូវ បន្ថែមក្នុងមួយឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែគួរពិចារណាផងដែរអំពីស្ថានភាពសេដ្ឋកិច្ច ការងារ សមត្ថភាពរបស់រោងចក្រ និងការប្រកួតប្រជែងរបស់កម្ពុជាជាមួយប្រទេសប្រកួតប្រជែងផ្សេងៗ។

លោកថ្លែងថា៖ «​បើទោះបីការដំឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៧ មិនបានច្រើនដូចការរំពឹងទុកក៏ដោយ ប៉ុន្តែខ្ញុំយល់ថា ប្រាក់ឈ្នួលកម្មករនៅកម្ពុជាសព្វថ្ងៃ នៅតែមានកម្រិតល្អ បើប្រៀបធៀបជាមួយប្រទេសមួយចំនួននៅក្នុងតំបន់ដូចជាប្រទេសបង់ក្លាដែស ឥណ្ឌា និងបណ្តាប្រទេសផ្សេងៗ។ ដូច្នេះ ខ្ញុំ​រីករាយនឹងអ្វីដែលទទួលបាន និងបន្តខិតខំធ្វើការងារ ដើម្បីរក្សាការងារ និងប្រាក់ចំណូលរបស់ខ្លួន »។ ស្រដៀងគ្នានេះ លោក ឈឺន គង្គា កម្មករមួយទៀតបានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ ទោះបីជាក្នុងចំនួនមិនច្រើនក៏ដោយ ក៏អាចជួយបង្កើនចំណូល និងសម្រួលការចំណាយប្រចាំថ្ងៃកាន់តែប្រសើរជាងមុនដែរ។

ទន្ទឹមនឹងនេះ ការរក្សាឱ្យរោងចក្រ និងសហគ្រាសអាចប្រកួតប្រជែងបាន កាន់តែមានសារៈសំខាន់ ដើម្បីធានាការងាររបស់កម្មករដែលមានស្រាប់ និងបង្កើតឱកាសការងារថ្មី។

លោកបញ្ជាក់ថា៖«ខ្ញុំគិតថា ទោះការដំឡើងប្រាក់ឈ្នួលឆ្នាំ២០២៧ មានចំនួនមិនច្រើនក៏ដោយ ក៏ជាការបន្ថែមដ៏ល្អសម្រាប់ជីវភាពកម្មករ និងគ្រួសារ។

ការដំឡើងប្រាក់ឈ្នួលបន្តិចម្តងៗ អាចជួយឱ្យកម្មករមានប្រាក់ចំណូលកាន់តែប្រសើរ ខណៈដែលសហគ្រាសនៅតែបន្តរក្សាសមត្ថភាពប្រកួតប្រជែង។

បើយើងប្រៀបធៀបជាមួយប្រទេសមួយចំនួនក្នុងតំបន់ ប្រាក់ឈ្នួលកម្ពុជាមានកម្រិតខ្ពស់ជាងប្រទេសមួយចំនួន ​ដូច្នេះយើងគួរតែចូលរួមគាំទ្រនិងពេញចិត្ត ចំពោះការកែលម្អប្រាក់ឈ្នួលដែលអាចធ្វើទៅបានជាក់ស្តែង»។

​បើតាមបងប្អូនកម្មករនិយោជិតខាងលើ ការរក្សាបាននូវតុល្យភាពរវាងប្រាក់ឈ្នួល ស្ថិរភាពការងារ និងសមត្ថភាពប្រកួតប្រជែងរបស់វិស័យនឹងជួយឱ្យកម្មករមានប្រាក់ចំណូលកាន់តែប្រសើរ ខណៈរោងចក្រ និងសហគ្រាសអាចបន្តបង្កើតការងារជូនប្រជាពលរដ្ឋបានយូរអង្វែង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com