ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
សម្តេចធិបតី៖ ការបោះក្រដាសប្រាក់ថ្មី ៥ម៉ឺនរៀល និង១០ម៉ឺនរៀល មិនមែនរាជរដ្ឋាភិបាលអស់ប្រាក់នោះទេ
ថ្ងៃទី ៖ 01-10-2026, ដោយ​​ Dara007 , 36 Views
                     
ពោធិ៍សាត់ៈ សម្តេចធិបតី ថ្លែងថា ការបោះក្រដាសប្រាក់ថ្មី ៥ម៉ឺនរៀល និង១០ម៉ឺនរៀល មិនមែនរាជរដ្ឋាភិបាលអស់ប្រាក់នោះទេ ដើម្បីបញ្ចៀសការចរាចរណ៍ក្រដាសប្រាក់ក្លែងក្លាយ និងជំនួសក្រដាសប្រាក់ចាស់ ។ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ស្ថិតនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

សម្តេចធិបតី មានប្រសាសន៍ថា ថ្មីៗនេះ ធានាគារជាតិបោះពុម្ពក្រដាសប្រាក់៥ម៉ឺន និង១០ម៉ឺនថ្មី ដើម្បីបង្កើតសោភ័ណភាព និងសុវត្ថិភាព ដោយក្រដាសប្រាក់ថ្មី មានបង្កប់លក្ខណៈពិសេសដើម្បីផ្ទៀងផ្ទាត់។ ការបោះក្រដាសប្រាក់ថ្មីនេះ ដើម្បីបំពេញទៅលើក្រដាសប្រាក់ចាស់ដែលកិនកម្ទេចចោល បន្ទាប់ពីខែឧសភា ដល់ខែកញ្ញា ធនាគារជាតិ កិនកម្ទេចក្រដាសប្រាក់ចាស់សរុប ៤៣៥លានសន្លឹក ។

សម្ដេចធិបតីបានគូសបញ្ជាក់ថា រឿងបោះពុម្ពក្រដាសប្រាក់ថ្មីនេះ គឺមានអ្នកបំភ័យប្រជាពលរដ្ឋឱ្យទៅដកលុយពីធនាគារ ។

សម្តេចធិបតី គូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលមិនមានអស់ប្រាក់ដូចការបំផុសក្នុងចេតនាអាក្រក់នោះទេ ហើយមន្ត្រីរាជការបន្តបើកប្រាក់បៀវត្សរ៍ទៀងទាត់ជារាល់ខែផងដែរ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានចំណាយប្រាក់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌបន្ថែមទៀត។

សម្តេចធិបតី អំពាវនាវដល់ពលរដ្ឋកុំបារម្ភថា រឿងរដ្ឋគ្មានលុយ និងអស់លុយឱ្យសោះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com