ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
សម្តេចធិបតី៖ ផ្លូវជាតិលេខ១០ ជាការតភ្ជាប់រវាងតំបន់សមុទ្រនិងភ្នំ
ថ្ងៃទី ៖ 01-10-2026, ដោយ​​ Dara007 , 33 Views
                     
ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ផ្លូវជាតិលេខ១០ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រថ្មីមួយដែលតភ្ជាប់ពីតំបន់ភ្នំទៅកាន់តំបន់សមុទ្រ គឺចាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨គីឡូម៉ែត្រ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការសាងសង់ផ្លូវការផ្លូវជាតិលេខ១០នេះ គឺជាសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្ដី ដែលជំរុញការតភ្ជាប់រវាងតំបន់ភាគពាយព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ផ្លូវជាតិលេខ១០ នឹងផ្ដល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចខ្ពស់ តាមរយៈការកាត់បន្ថយពេលវេលា ថ្លៃដឹកជញ្ជូន ខណៈផ្លូវនេះបានតភ្ជាប់ខេត្ត៣ គឺបាត់ដំបង ពោធិ៍សាត់ និងកោះកុង ដែលនឹងក្លាយជាការតភ្ជាប់យ៉ាងសំខាន់របស់កសិផល, ការធ្វើដំណើរ, ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងចរន្តសេដ្ឋកិច្ចយ៉ាងសំខាន់នៃតំបន់ភាគកណ្តាល ខាងជើង និរតី និងឦសានរបស់កម្ពុជា ហើយផ្តល់ជាជម្រើសកាន់តែច្រើនដល់ប្រជាជន។

«ចម្ងាយផ្លូវដែលកាត់បន្ថយគឺវាប្រែទៅជាអី កាត់បន្ថយថ្លៃដឹកទំនិញ ឱកាសសម្រាប់ប្រជាពលរដ្ឋឥលូវអ្នកខេត្តពោធិ៍សាត់ចង់ទៅលេងកំពង់សោមមិនចាំបាចជិះកាត់ភ្នំពេញទៀតទេ ជិះទៅដល់ផ្លូវជាតិលេខ៤៨ ឡើងពីផ្លូវជាតិលេខ៤៨ ទៅផ្លូវជាតិលេខ៤ ឬផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ហើយត្រឡប់មកវិញដូចគ្នា។ ពីមុនត្រូវទៅដល់ភ្នំពេញសិនហើយបានឡើងផ្លូវជាតិលេខ៤ទៅកំពង់សោម ទៅកោះកុង អ៊ីចឹងឥលូវយកសមុទ្រទៅជិតភ្នំ គឺនាំអ្នកសមុទ្រមកលេងភ្នំនិងនាំអ្នកភ្នំទៅលេងសមុទ្រ ព្រោះផ្លូវលំហូទៅមក ហើយតំបន់ប្រមោយស្រុកវែលវែង ទេសភាពល្អ ជាកន្លែងដែលផ្តល់សក្តានុពលច្រើន »។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១០នេះ ធ្វើឡើងជាប្រភេទផ្លូវ DBST ក្នុងនោះ ផ្លូវក្រាលកៅស៊ូ DBST ប្រវែងជិត១៩៤គីឡូម៉ែត្រ ទទឹង៩ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ ២គន្លងទៅមក។

បន្ថែមពីនេះគម្រោងនេះ ក៏មានការសាងសង់ស្ពានថ្មី និងពង្រីកស្ពានបេតុងចាស់ សរុបចំនួន៣២កន្លែង ប្រវែងសរុប២ ៣២៥ម៉ែត្រ រួមមាន ស្ពានសង់ថ្មីចំនួន ២០កន្លែង និងពង្រីកស្ពានចាស់ចំនួន ១២កន្លែង។ នៅក្នុងចំណោមស្ពានសរុបទាំង៣២នេះ មានស្ពានមួយដែលត្រូវបានសាងសង់ឡើងជាស្ពានខ្ពស់ជាងគេនៅកម្ពុជា និងត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com