សមិទ្ធផលផ្លូវជាតិលេខ១០នេះ ត្រូវបានចាត់ទុកជាសមិទ្ធផលថ្មីមួយ ដែលកើតចេញពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ពីកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ក្រោមនយោបាយឈ្នះ-ឈ្នះ និងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការសាងសង់ផ្លូវនេះ បានប្រែក្លាយតំបន់ភ្នំ ជ្រោះជ្រង និងជ្រលងដងអូរ ដែលធ្លាប់ជាសមរភូមិសង្គ្រាមស៊ីវិលកាលពីអតីតកាល ទៅជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធ និងសកម្មភាពអភិវឌ្ឍកាន់តែប្រសើរ។
ផ្លូវនេះ រួមមានផ្លូវបត់បែន និងស្ពានមួយចំនួន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ច និងសង្គម។ ផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥៧-៧ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងបន្តទៅផ្លូវជាតិលេខ៤៨ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ក្នុងនោះ ផ្លូវដែលស្ថិតក្នុងខេត្តបាត់ដំបង មានប្រវែងប្រមាណ ៣២គីឡូម៉ែត្រ ខេត្តពោធិ៍សាត់ ប្រមាណ ៩៨គីឡូម៉ែត្រ និងខេត្តកោះកុង ប្រមាណ ៦៧គីឡូម៉ែត្រ។
គម្រោងនេះ ត្រូវបានសាងសង់ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST ប្រវែងប្រមាណ ១៩៣គីឡូម៉ែត្រ ទទឹង ៩ម៉ែត្រ មានពីរគន្លងសម្រាប់រថយន្តធ្វើចរាចរណ៍ទៅមក។ ចំណែកផ្លូវបេតុងសរសៃដែក មានប្រវែងប្រមាណ ៤,៧០០ម៉ែត្រ និងទទឹង ៩ម៉ែត្រ។
នៅតំបន់ផ្លូវបត់បែនខ្លាំង និងផ្លូវចំណោតមួយចំនួន ត្រូវបានពង្រីកទទឹងរហូតដល់ ១៨ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់រថយន្តធុនធ្ងន់។ គម្រោងនេះ ប្រើរយៈពេលសាងសង់ ៦៦ខែ និងបានបញ្ចប់ជាស្ថាពរ ក្នុងខែឧសភា ឆ្នាំ២០២៥។ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ទទួលបន្ទុកសាងសង់ ខណៈក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន ទទួលបន្ទុកការងារបច្ចេកទេស។
គម្រោងផ្លូវជាតិលេខ១០ ចំណាយថវិកាសរុបប្រមាណ ២៥២លានដុល្លារអាម៉េរិក ក្នុងនោះឥណទានសម្បទានពីរដ្ឋាភិបាលចិន ប្រមាណ ១៩២,៧១លានដុល្លារ និងថវិកាជាតិប្រមាណ ៥៩,៣៦លានដុល្លារ។ ថវិកាមួយចំនួនទៀត ត្រូវបានប្រើប្រាស់សម្រាប់ដោះស្រាយផលប៉ះពាល់ បោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងពន្ធ និងអាករផ្សេងៗ។
ផ្លូវជាតិលេខ១០ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រថ្មី និងជាសរសៃឈាមសេដ្ឋកិច្ចមួយរបស់កម្ពុជា ដែលតភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងកោះកុង ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗ ដូចជា ផ្លូវជាតិលេខ៥៧ ផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ៤៨។
ផ្លូវនេះ ត្រូវបានរំពឹងថា នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងការតភ្ជាប់តំបន់នានា ព្រមទាំងរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍនៅតាមបណ្តាខេត្តដែលផ្លូវនេះឆ្លងកាត់៕