ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ និងកម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត
ថ្ងៃទី ៖ 28-09-2026, ដោយ​​ Dara007 , 64 Views
                     
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ និងកម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ដើម្បីផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ការប្ដេជ្ញានេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ។ លោកស្រី Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នូវែលសេឡង់-កម្ពុជា។

លោកស្រីបានគូសបញ្ជាក់ថា នូវែលសេឡង់ និងកម្ពុជា គឺជាប្រទេសជាមិត្ត និងជាដៃគូរដ៏យូរលង់ ហើយនូវែលសេឡង់មានមោទនភាពចំពោះការចូលរួមចំណែកគាំទ្រដល់ដំណើរការស្ដារ, កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​ នាពេលកន្លងមក។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ លើវិស័យសំខាន់ៗ រួមមាន៖ ការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ការគ្រប់គ្រងធនធានទឹក, ការប្រែប្រួលអាកាសធាតុ, បរិស្ថាន, កសិកម្ម, ការលើកកម្ពស់ស្ត្រី និងយុវជន, និងការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវែលសេឡង់។

បន្ថែមពីនេះ, លោកស្រីបានទទួលស្គាល់តួនាទីដ៏សំខាន់របស់កម្ពុជានៅក្នុងតំបន់ ព្រមទាំងថ្លែងអំណរគុណដល់កម្ពុជា ដែលបានគាំទ្រទៅដល់ការដំឡើងកម្រិតទំនាក់ទំនង នូវែលសេឡង់-អាស៊ាន ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ លោកស្រីបានសង្កត់ធ្ងន់ថា ក្នុងអាណត្តិការទូតរបស់លោកស្រីនឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នូវែលសេឡង់-កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី​ និងតំបន់។

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះលោកស្រី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសនូវែលសេឡង់​ ប្រចាំកម្ពុជា និង បានបង្ហាញនូវជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់លោកស្រី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវ​បានបន្តពូនជ្រំឱ្យកាន់តែរីកចម្រើន​ និង រឹងមាំបន្ថែមទៀត។ ជាមួយនឹងការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ, សម្ដេចធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀតដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង​ និង​ កិច្ចសហប្រតិបត្តិការ។

សម្ដេចធិបតីក៏បានសម្ដែងនូវការអរគុណចំពោះការរួមចំណែករបស់ប្រទេសនូវែលសេឡង់ ក្នុងការដំណើរការស្ដារ, កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, ការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវែលសេឡង់ និងកិច្ចសហប្រតិបត្តិការលើការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក៏ដូចជាកងកម្លាំងរក្សាសន្តិភាពសម្រាប់បេសកកម្មមនុស្សធម៌ និងរក្សាសន្តិភាពអន្តរជាតិក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ជាដើម។

សម្ដេចធិបតី និងលោកស្រីឯកអគ្គរដ្ឋទូតក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នានៅក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនលើវិស័យសំខាន់ៗ ប្រកបដោយសក្តានុពល រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, ការផ្ទេរបច្ចេកវិទ្យាថ្មី, ថាមពលកកើតឡើងវិញ, ទេសចរណ៍, ការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈ, ក៏ដូចជាការតភ្ជាប់ប្រជាជន និងប្រជាជន។

មុននឹងបញ្ចប់ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យលោកស្រីឯកអគ្គរដ្ឋទូតបន្តកិច្ចសហការ និងភ្ជាប់ទំនាក់ទំនងឱ្យបានកាន់តែជិតស្និទ្ធ ជាមួយក្រសួងស្ថាប័នកម្ពុជា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន​ និងរឹងមាំបន្ថែមទៀត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com