ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
កម្ពុជា តួកគីយ៉េ នឹងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យការងារ ការអភិវឌ្ឍជំនាញ និងការចល័តកម្លាំងពលកម្មជំនាញ
ថ្ងៃទី ៖ 25-09-2026, ដោយ​​ Dara007 , 33 Views
                     
ទីក្រុងសៀងហៃៈ កម្ពុជា និងសាធារណរដ្ឋតួកគីយ៉េ នឹងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យការងារ ការអភិវឌ្ឍជំនាញ និងការចល័តកម្លាំងពលកម្មជំនាញ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅនាពេលអនាគត។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកសាស្ត្រាចារ្យបណ្ឌិត Vedat ISIKHAN រដ្ឋមន្ត្រីក្រសួងការងារ និងសន្តិសុខសង្គម នៃសាធារណរដ្ឋតួកគីយ៉េ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដោយក្នុងជំនួបនេះមានគោលបំណងពិភាក្សាពីការងារអាទិភាពលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ ស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើការចល័តកម្លាំងពលកម្ម និងការអភិវឌ្ឍជំនាញ ដោយផ្អែកលើតម្រូវការជាក់ស្តែង និងការការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករ ព្រមទាំងកំណត់សកម្មភាពបន្តជាក់ស្តែង ក្រោមក្របខណ្ឌនៃកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសេដ្ឋកិច្ចកម្ពុជា-តួកគីយ៉េ (JEC)។ ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់សមភាគីតួកគីយ៉េ ក្នុងការរៀបចំជំនួបជាលើកដំបូងសម្រាប់កិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ។

ទន្ទឹមនេះ លោកបានរំលឹកពីកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសេដ្ឋកិច្ចកម្ពុជា-តួកគីយ៉េ ដែលបានប្រព្រឹត្តទៅនៅទីក្រុងអង់ការ៉ា នាថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានកំណត់ការគ្រប់គ្រងការធ្វើទេសន្តរប្រវេសន៍ការងារ ការអភិវឌ្ឍ និងការទទួលស្គាល់ជំនាញ ព្រមទាំងសន្តិសុខសង្គម ជាវិស័យសម្រាប់កិច្ចសហប្រតិបត្តិការ។

ជាមួយគ្នានេះ លោក ហេង សួរ ក៏បានស្វាគមន៍ចំពោះការចាប់អារម្មណ៍របស់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Vedat ISIKHAN ដែលមានគោលបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការលើការជ្រើសរើសពលករដែលមានជំនាញ រួមទាំងចំណាប់អារម្មណ៍របស់និយោជកលើជំនាញវិស្វកម្មមេកានិក និងមេកានិក។

ជាមួយនឹងកិច្ចពិភាក្សាពីព័ត៌មានជាក់លាក់នៃតម្រូវការកម្លាំងពលកម្ម លោក ហេង សួរ បានគូសបញ្ជាក់ពីកម្លាំងពលកម្មវ័យក្មេង និងការផ្តល់ឱកាសទទួលបានការបណ្តុះបណ្តាលយ៉ាងទូលំទូលាយរបស់កម្ពុជា ព្រមទាំងសិស្ស-និស្សិតដែលបានបញ្ចប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានសក្តានុពលក្នុងវិស័យផលិតកម្ម មេកានិក និងជំនាញបច្ចេកទេសពាក់ព័ន្ធ។

លោកក៏បានសង្កត់ធ្ងន់លើការជ្រើសរើស និងបញ្ជូនពលករប្រកបដោយសុវត្ថិភាព មានសណ្តាប់ធ្នាប់ និងស្របច្បាប់ ដោយធានានូវតម្លាភាពនៃការចំណាយ កិច្ចសន្យាច្បាស់លាស់ ប្រាក់ឈ្នួលសមរម្យ កន្លែងស្នាក់នៅ សុវត្ថិភាព និងសុខភាពការងារ ការធានារ៉ាប់រង ការដោះស្រាយបញ្ហាប្រឈមនានា និងការរៀបចំមាតុភូមិនិវត្តន៍។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាប្រកបដោយភាពស្និទ្ធស្នាល និងផលិតភាពលើកិច្ចសហប្រតិបត្តិការទ្វេភាគីលើជំនាញកែច្នៃផលិតផលកសិកម្ម វិស័យការងារ ការចល័តពលករទេសន្តរប្រវេសន៍ និងយន្តការជ្រើសរើសពលករប្រកបដោយតម្លាភាព និងសុវត្ថិភាព ព្រមទាំងបានឯកភាពគ្នាក្នុងការស្វែងរកលទ្ធភាពផ្សេងៗទៀត ដើម្បីបង្កើត និងពង្រឹងទំនាក់ទំនងសម្រាប់ជាអត្ថប្រយោជន៍នៃប្រទេសទាំងពីរ។

លើសពីនេះ កម្ពុជា និងតួកគីយ៉េ ក៏នៅមានវិស័យសក្ដានុពលជាច្រើនទៀតសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅនាពេលអនាគត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com