ក្នុងជំនួបពិភាក្សាការងារជាមួយលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃ នៃប្រទេសចិន ដើម្បីបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-ចិន ក្នុងវិស័យការងារ និងការអភិវឌ្ឍជំនាញបៃតងស្របតាមតម្រូវការទីផ្សារការងារ។
លោក និងលោកស្រីក៏បានអញ្ជើញចុះហត្ថលេខាលើ MoU ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់គោលនយោបាយ និងការអនុវត្តឱ្យល្អប្រសើរក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពង្រឹងសមត្ថភាព និងលទ្ធភាព ពង្រឹងការអភិវឌ្ឍជំនាញបៃតង និងការគាំទ្រការធ្វើទំនើបកម្មឌីជីថលនៃប្រព័ន្ធ TVET ។
ភាគីទាំងពីរនឹងលើកទឹកចិត្តឱ្យស្ថាប័ន និងភាគីពាក់ព័ន្ធ ចូលរួមអនុវត្តសកម្មភាពដែលបានឯកភាពគ្នា និងសម្របសម្រួលជាប្រចាំ ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌ MoU នេះ។
លោកបានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដោយបានគូសបញ្ជាក់ពីបំណងរបស់កម្ពុជា ក្នុងការប្រែក្លាយក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះឱ្យទៅជាការអនុវត្តជាក់ស្តែងសម្រាប់ឧត្តមប្រយោជន៍នៃភាគីទាំងពីរ ហើយក៏ជាការបើកទំព័រថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួត និងស៊ីជម្រៅបន្ថែមទៀតរវាងក្រសួងទាំងពីរ។
ទន្ទឹមនេះ លោករដ្ឋមន្រ្តីបានកត់សម្គាល់ឃើញថា ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តោតសារ:សំខាន់លើការអភិវឌ្ឍជំនាញបច្ចុប្បន្ន និងពេលអនាគត ដែលមានចក្ខុវិស័យវែងឆ្ងាយ និងជាគន្លឹះមួយធ្វើឱ្យប្រទេសដ៏ទៃ និងកម្ពុជាអាចយកមករៀនសូត្របន្ថែម ដើម្បីដុះខាត់នៅចន្លោះខ្វះខាតនានា។
លោករដ្ឋមន្រ្តី បានអញ្ជើញលោកស្រី វ៉ាង ស៊ាវភីង មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខផងដែរ៕