លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលស្វាគមន៍ជាផ្លូវការ ដោយកងកិត្តិយស ជូនលោក យ៉ាង វៃលីន អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញមកកាន់ទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងទាំងពីរ។
ក្នុងជំនួបពិភាក្សាទ្វេភាគី មុនបើកកិច្ចប្រជុំពេញអង្គ លោកឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម យ៉ាង វៃលីន អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានផ្លាស់ប្ដូរយោបល់គ្នាយ៉ាងស៊ីជម្រៅ អំពីបទពិសោធនៃការអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើការពង្រឹងការអនុវត្តច្បាប់ ដែលផ្ដោតលើការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនផ្សេងទៀត ដូចជាបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស និងការចរាចរណ៍ទំនិញក្លែងក្លាយ ឬខុសច្បាប់ជាដើម។
ភាគីទាំងពីរបានថ្លែងអំណរគុណដល់មន្ត្រីទាំងសងខាង ដែលបានអនុវត្តកិច្ចសហប្រតិបត្តិការជាមួយគ្នាប្រកបដោយភាពស្មោះត្រង់ និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។
ភាគីទាំងពីរ ក៏បានរំលឹកឡើងវិញអំពីសារៈសំខាន់ នៃការខិតខំធ្វើការរួមគ្នា ដើម្បីឈានទៅសម្រេចឱ្យបានតាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាពិសេសជំនួប រវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជំនួបរវាងលោកប្រធានាធិបតី ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឡើងកាលពីអំឡុងពាក់កណ្ដាលឆ្នាំ២០២៦។
បញ្ចប់កិច្ចពិភាក្សាទ្វេភាគី លោកនិងលោក យ៉ាង វៃលីន អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានបន្តអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន៕