ជាការឆ្លើយតប លោក ស សុខា ថ្លែងអំណរគុណ ចំពោះការវាយតម្លៃប្រកបដោយសច្ចធម៌នេះ និងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោក សូមថ្លែងអំណរគុណគណៈប្រតិភូអ៊ូហ្គង់ដា ដែលបានធ្វើដំណើរមកតាំងពីតំបន់អាហ្វ្រិក ដើម្បីចូលរួមសន្និសីទអន្តរជាតិនៅកម្ពុជា។
លោកអភិសន្តិបណ្ឌិត ចាត់ទុកវត្តមានប្រតិភូ ថាជាការសបញ្ជាក់ អំពីការផ្ដល់តម្លៃខ្ពស់ ដល់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ផ្អែកលើបទពិសោធនៃការចូលរួមសន្និសីទនៅកម្ពុជា លោក ហ៊្សូម៉ា វីតុនហ្សេ បានចែករំលែកការយល់ឃើញ អំពីសារៈសំខាន់ នៃការចូលរួមរបស់វាគ្មិន មកពីតំណាងក្រុមហ៊ុនបណ្ដាញសង្គមល្បីៗលើពិភពលោក ដើម្បីឡើងថ្លែងចែករំលែកបទពិសោធ និងបង្ហាញការប្ដេជ្ញាចិត្ត រួមចំណែកប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកបានថ្លែងអបអរសាទរ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា លើការងារបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការរៀបចំសន្និសីទអន្តរជាតិប្រកបដោយជោគជ័យ។ ក្នុងន័យនេះ លោកបានលើកសំណូមពរកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលពាក់ព័ន្ធ។
ភាគីទាំងពីរ ក៏បានយកឱកាសនោះ ពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នា អំពីទិដ្ឋភាពប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ ទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម និងទេសចរណ៍ និងបានឯកភាព ព្រាងឯកសារដើម្បីឈានទៅចុះអនុស្សរណៈនៃការយោគយល់ជាមួយគ្នាក្នុងក្របខណ្ឌវិស័យមហាផ្ទៃ៕