ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូសព្ទលេខ និងTelegram 060327222
លោក កើត រិទ្ធ ប្រាប់ទូតកាណាដានៃកិច្ចប្រឹងប្រែងបង្ក្រាប Online Scam
ថ្ងៃទី ៖ 22-09-2026, ដោយ​​ Dara007 , 15 Views
                     
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានប្រាប់អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាលើការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ការលើកឡើងបែបនេះ របស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឱកាសអនុញ្ញាតឱ្យលោក Christian DesRoches អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបដើម្បីពិភាក្សាការងារ។

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចទៅលោកឯកអគ្គរដ្ឋទូតអំពីកិច្ចខិតខំប្រឹងប្រែង, ការប្តេជ្ញាចិត្ត និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ បន្ថែមពីនេះលោកក៏បានគូសបញ្ជាក់ជូនឯកអគ្គរដ្ឋទូតផងដែរថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាទម្រង់ថ្មីនៃឧក្រិដ្ឋកម្មឆ្លងដែន ដែលការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នាពីគ្រប់បណ្ដាប្រទេសនានា និងតួអង្គដែលមានការពាក់ព័ន្ធ ។

លោកគូសបញ្ជាក់ថា កម្ពុជាបើកចំហរនូវកិច្ចសហប្រតិបត្តិការពីគ្រប់បណ្ដាប្រទេស និងតួអង្គដែលមានការពាក់ព័ន្ធទាំងអស់ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

ពាក់ព័ន្ធនឹងបញ្ហានេះ, ឯកអគ្គរដ្ឋទូត បានទទួលស្គាល់ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង, ការប្តេជ្ញាចិត្ត និងសមិទ្ធផលនានា ដែលកម្ពុជាសម្រេចបានក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចរបស់កាណាដាក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រចាំបាច់នានាក្នុងយុទ្ធនាការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com