ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូសព្ទលេខ និងTelegram 060327222
ជាងមួយឆ្នាំ នគរបាលកម្ពុជាសហការស៊ើបអង្កេតតាមសំណូមពរអូស្ត្រាលី ៥ករណី
ថ្ងៃទី ៖ 22-09-2026, ដោយ​​ Dara007 , 6 Views
                     
ភ្នំពេញៈ ក្នុងរយៈពេលជាង ១ឆ្នាំមកនេះ គិតចាប់ពីឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន Transnational Crime Team (TCT) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនគរបាលសហព័ន្ធអូស្ត្រាលី (AFP) លើការងារស្រាវជ្រាវ និងផ្លាស់ប្តូរព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា កិច្ចការនេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលសំណូមពរ ៥ករណី ពីភាគីអូស្ត្រាលី ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

បើតាមលោក ទូច សុឃៈ សំណូមពរទាំង ៥ករណី មានជាអាទិ៍៖ ករណីឆបោកតាមគ្រីបតូ មានចំនួន ២ករណី ដោយ ១ករណី សំណូមពរឱ្យអគ្គស្នងការពិនិត្យអាសយដ្ឋានអ៊ីម៉ែលចំនួន ២ខ្សែ ហើយការស្រាវជ្រាវរកឃើញថា អ៊ីម៉ែលបានដំណើរការចេញពី Server ក្រុមហ៊ុន Google នៅសហរដ្ឋអាម៉េរិក និង ១ករណីទៀត អូស្ត្រាលីបានសំណូមពរឱ្យអគ្គស្នងការពិនិត្យម្ចាស់អត្តសញ្ញាណ IP Address ចំនួន ១ខ្សែ។ ដោយសារករណីនេះ ពុំមានតម្រុយស៊ើបអង្កេតបន្ត នគរបាលសហព័ន្ធអូស្ត្រាលី (AFP) ក៏សំណូមពរបិទបញ្ចប់។

ដោយឡែក ២ករណីទៀត ១ករណីសំណូមពរពិនិត្យទិន្នន័យអន្តោប្រវេសន៍ជនសង្ស័យ ៦រូប ហើយការស្រាវជ្រាវរកឃើញថា ជនសង្ស័យពុំមានដំណើរចូលប្រទេសកម្ពុជានោះទេ ខណៈ ១ករណីទៀត អូស្ត្រាលីបានសំណូមពរកិច្ចសហការស្រាវជ្រាវស៊ើបអង្កេតទីតាំង ៣កន្លែង ដោយជាលទ្ធផល នគរបាលសហព័ន្ធអូស្ត្រាលីកំពុងធ្វើការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ករណីទី៥ ពាក់ព័ន្ធនឹងការជំរិតប្រាក់តាមប្រព័ន្ធអនឡាញមានចំនួន ១ករណី ហើយជាលទ្ធផល សមត្ថកិច្ចបានរកឃើញជនរងគ្រោះ និងបានបញ្ជូនឱ្យវិលត្រឡប់ទៅប្រទេសអូស្ត្រាលីវិញ ខណៈសមត្ថកិច្ចកម្ពុជាពុំមានព័ត៌មានជនសង្ស័យឡើយ ព្រោះជនរងគ្រោះទាក់ទងជនសង្ស័យតាមប្រព័ន្ធអនឡាញ។

បើតាមលោក ទូច សុឃៈ បច្ចុប្បន្ន ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន Transnational Crime Team (TCT) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏កំពុងបន្តសហការយ៉ាងស្និទ្ធស្នាលស្រាវជ្រាវជាមួយភាគីនគរបាលសហព័ន្ធអូស្ត្រាលី (AFP) លើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនៅសេសសល់ពីការបង្ក្រាបបោសសម្អាតទ្រង់ទ្រាយធំយ៉ាងជោគជ័យរបស់កម្ពុជា។ លោក ទូច សុឃៈ បានបន្តថា «នគរបាលកម្ពុជាបានបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេស និងអង្គការអន្តរជាតិនានាយ៉ាងល្អ ជាពិសេសនៅថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ ក្រសួងមហាផ្ទៃនឹងបង្ហាញអំពីហេតុផលនៃការកើតឡើងបទល្មើស Online Scams ដែលមានភាពស្មុគស្មាញ លទ្ធផលនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបង្ហាញអំពីបទពិសោធន៍ និងឆន្ទៈនៃការបង្ក្រាបបទល្មើស Online Scams។

ជាពិសេស បង្ហាញថា ប្រទេសកម្ពុជាពុំមែនជាស្ថានសួគ៌នៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ»។ សូមបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងនគរបាលសហព័ន្ធអូស្ត្រាលី (AFP) បានចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីដើមខែកញ្ញា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានអនុវត្ត MOU ជាមួយគ្នាកាលពីឆ្នាំ២០០២។ គោលបំណងនៃ MOU គឺដើម្បីធ្វើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមាន អំពើភេរវកម្ម ជួញដូរ-រត់ពន្ធមនុស្ស ការរំលោភបំពានផ្លូវភេទលើកុមារ ជួញដូរគ្រឿងញៀនខុសច្បាប់ ជួញដូរអាវុធ សម្អាតប្រាក់ បទឧក្រិដ្ឋបច្ចេកវិទ្យា ការក្លែងបន្លំអត្តសញ្ញាណ ឬបទល្មើសផ្សេងៗទៀត តាមការឯកភាពរវាងភាគីចូលរួមទាំងពីរ។

បើតាមអ្នកនាំពាក្យ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរបានបង្កើតក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន (TCT) ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនទាំងឡាយ ជាពិសេសបទល្មើសចេញពីកម្ពុជាចូលអូស្ត្រាលី ឬពីអូស្ត្រាលីចូលកម្ពុជា និងពីប្រទេសដទៃដែលពាក់ព័ន្ធនឹងប្រទេសទាំងពីរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com