ជារៀងរាល់ថ្ងៃ មានអ្នកទេសចរខ្លះ បានចាប់អារម្មណ៍ និងចំណាយពេលទៅទស្សនារូបចម្លាក់មួយចំនួន ដែលស្លែបានដុះរុំជិត បង្កើតឱ្យមានពណ៌បៃតង ដោយពួកគេបានថតរូបភាពយ៉ាងច្រើនទុកជាអនុស្សាវរីយ៍។ «ស្លែ» ដែលដុះរុំលើផ្ទាំងថ្មប្រាសាទបុរាណ មិនត្រឹមតែបង្កើតជាទស្សនីយភាពថ្មី ឱ្យមានការទាក់ទាញ និងចាប់អារម្មណ៍ប៉ុណ្ណោះទេ គឺវាថែមទាំងមានប្រយោជន៍ជាច្រើនផងដែរ។ អ្នកជំនាញផ្នែកអភិរក្សថ្មបុរាណ បានពន្យល់ថា ស្លែធម្មជាតិ ដុះនៅលើថ្មប្រាសាទបុរាណ គឺជាប្រភពនៃភាពអស្ចារ្យ និងការពារពីកម្តៅ និងជួយបន្សុទ្ធខ្យល់ក្នុងអាកាស។
ហើយបច្ចុប្បន្ននេះ ក្រុងធំៗលើពិភពលោកកំពុងបណ្ដុះស្លែដាក់ឱ្យជួយបរិស្ថានក្នុងក្រុង។ តែយើងមានសំណាង ដែលវាបានដុះរស់នៅលើថ្ម មិនថា ខែវស្សា ឬប្រាំង បើទោះរដូវប្រាំង ក៏វានៅតែដើរតួនាទីជាស្រទាប់កាត់បន្ថយកម្តៅមកលើថ្មដែរ។
សូមភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនាស្លែពណ៌បៃតងខ្ចី ដុះនៅលើថ្មកំពុងជួយឱ្យរមណីយដ្ឋានអង្គរ ដែលសម្បូរដោយប្រាសាទបុរាណមានភាពទាក់ទាញ បង្កើតជាទេសភាពស្រស់បំព្រង និងមានភាពរស់រវើកក្នុងរដូវភ្លៀងនេះ៕