ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រុមហ៊ុន TH AUTOMOTIVE MANUFACTURING CO., LTD. ដែលមានរោងចក្រផ្គុំដំឡើងរថយន្ត ស្ថិតនៅលើផ្លូវជាតិលេខ៥ ភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ពិនិត្យមើល ការកំណត់បន្ថែមទៀតនៃការពង្រីក ចំនួនក្រុមហ៊ុនដំឡើងរថយន្ត ដោយត្រូវផ្ដល់បន្ថែមទៀត ឬត្រូវបន្ថយល្បឿនវិញ។ សម្ដេចធិបតី គូសបញ្ជាក់ថា កម្ពុជាមិនប្រញាប់ចង់បានរោងចក្រផ្គុំ និងដំឡើងរថយន្តច្រើននោះទេ ប៉ុន្ដែត្រូវពង្រឹងចំពោះរោងចក្រ និងក្រុមហ៊ុនដែលមានស្រាប់ និងអ្នកវិនិយោគឱ្យរស់ ឱ្យរីក ដែលមកវិនិយោគនៅកម្ពុជា។
សម្ដេចធិបតីបន្ថែមថា វិស័យឯកជនឱ្យរស់ និងរីក នឹងជួយរដ្ឋច្រើនក្នុងការបង្កើតការងារ ដោះស្រាយចំណូល ព្រោះក្រុមហ៊ុនចំណេញ បង់ពន្ធចូលរដ្ឋ យកពន្ធទៅធ្វើផ្លូវ ធ្វើអ្វីបន្ថែមទៀត បើកប្រាក់ខែមន្ត្រីរាជការ ពង្រីកសក្ដានុពល លើកទឹកចិត្តដល់វិស័យឯកជនថែមទៀត។ សម្តេចធិបតី អះអាងថា ប្រសិនបើក្រុមហ៊ុនរោងចក្រផ្គុំ និងដំឡើងរថយន្តច្រើន អាចនឹងបិទ និងបើក វានឹងធ្វើឱ្យប៉ះពាល់កិត្ដិយសរបស់កម្ពុជាលើការវិនិយោគផងដែរ។
សម្ដេចធិបតីថ្លែងថា « អ៊ីចឹងការវិនយោគអត់បើកចំហរសោះ គេបើកប៉ុន្ដែគេអំពីរការជួយ និងការធានានូវកម្រិតណា ទីផ្សារយើងតូចហើយការការផលិតគាត់ច្រើន តែបើគាត់ផលិតនាំចេញទៅប្រទេស១០០ភាគរយយើងមិនហាមទេ តែផលិតសម្រាប់ទីផ្សារ ក្នុងស្រុកយើងត្រូវពិនិត្យមើល ដើម្បីធានាឱ្យគាត់រស់ និងពង្រីកបន្ថែម។ ឥឡូវនេះ គាត់ផលិត២០០គ្រឿង ទៅថ្ងៃក្រោយអាចដល់២០០០គ្រឿង ហើយតួអង្គច្រើន និងមានរោងចក្រ២០ថែមទៀតនៅកន្លែងនេះ មានអតិជិជនទិញអ្វីខ្លះ ខុសពីហាងកាហ្វ គុយទាវ យើងមិនចាំបាច់ហាមទេ ហើយសុំ CDCពិនិត្យមើល ទៅមុខទៀតយើងត្រូវរើសដែរ បើត្រូវបន្ថែមត្រូវរើសតួអង្គខ្លាំង ព្រោះបើកបិទនឹងមិនមែនតែរឿងក្រុមហ៊ុនទេ គឺប៉ះពាល់កិតិ្ដយសកម្ពុជា ។»
សម្ដេចធិបតី បន្ថែមថា បច្ចុប្បន្ននៅកម្ពុជា មានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន ១៥ ក្នុងនោះរោងចក្រកំពុងដំណើរការចំនួន ១០ រោងចក្រពុំទាន់ដំណើរការចំនួន ២ និងមានគម្រោង រោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើសុំចុះបញ្ជីវិនិយោគ និងកំពុងសាងស់រោងចក្រ ខណៈទុនវិនិយោគសរុបក្នុងវិស័យនេះសរុប ២៤៨ លានដុល្លារ ក្នុងនោះទុនវិនិយោគសរុបក្នុងស្រុក ២៨% និងទុនវិនិយោគពីបរទេសសរុប ៧២% ដោយបានបង្កើតការងារសរុប ២៧៧៤ កន្លែង៕