ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រុមហ៊ុន TH AUTOMOTIVE MANUFACTURING CO., LTD. ដែលមានរោងចក្រផ្គុំដំឡើងរថយន្ត ស្ថិតនៅលើផ្លូវជាតិលេខ៥ ភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះអភិបាលខេត្តកំពង់ឆ្នាំង ដែលបានដាក់ចេញគំនិតអភិវឌ្ឍន៍ ប្រែក្លាយខេត្ត ឱ្យក្លាយជាខេត្តទាក់ទាញការវិនិយោគ និងឧស្សាហកម្ម បន្ទាប់ពីមុនគេទៅហួស មកហួស។
សម្ដេចធិបតីគូសបញ្ជាក់ថា ខេត្តកំពង់ឆ្នាំងកំពុងប្រែក្លាយពីខេត្តដែលគេឆ្លងកាត់ ក្លាយទៅជាខេត្តអភិវឌ្ឍតំបន់ឧស្សាហកម្ម ខណៈរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងជំរុញការតភ្ជាប់បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែពហុបំណង និងតំបន់ឡូជីស្ទីកបន្ថែមទៀត ជាក់ស្ដែងថ្ងៃនេះបានសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC។
ក្រុមហ៊ុននេះបង្កើតឡើងដោយវិនិយោគិនខ្មែរ ១០០ ភាគរយ ដែលមានសមត្ថភាពផលិតសរុបប្រមាណ ២០.០០០ គ្រឿងក្នុងមួយឆ្នាំ សម្រាប់បម្រើទីផ្សារក្នុងស្រុក ៩០ ភាគរយ និងនាំចេញ ១០ ភាគរយ។ គម្រោងនេះប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១៩.៣ លានដុល្លារអាម៉េរិក និងផ្តល់ការងារដល់កម្លាំងពលកម្មក្នុងស្រុកសរុបចំនួន ២៥០ នាក់ ក្នុងនោះមានស្ត្រី ២០ នាក់ និងអ្នកបច្ចេកទេសបរទេស ២ នាក់។
សម្តេចធិបតី បញ្ជាក់ទៀតថា រោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC និងរថយន្តម៉ាក CHEVROLETនាពេលនេះ គឺជាភាពជោគជ័យមួយទៀតរបស់កម្ពុជា។
សម្ដេចធិបតី បន្ថែមថា បច្ចុប្បន្ននៅកម្ពុជា មានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន ១៥ ក្នុងនោះរោងចក្រកំពុងដំណើរការចំនួន ១០ រោងចក្រពុំទាន់ដំណើរការចំនួន ២ និងមានគម្រោង រោងចក្រផ្គុំ និងដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើសុំចុះបញ្ជីវិនិយោគ និងកំពុងសាងស់រោងចក្រ ខណៈទុនវិនិយោគសរុបក្នុងវិស័យនេះសរុប ២៤៨ លានដុល្លារ ក្នុងនោះទុនវិនិយោគសរុបក្នុងស្រុក ២៨% និងទុនវិនិយោគពីបរទេសសរុប ៧២% ដោយបានបង្កើតការងារសរុប ២៧៧៤ កន្លែង៕